ទឹកជំនន់ធ្ងន់ធ្ងរ នៅប្រទេសអេស្ប៉ាញ
បរទេស៖ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំង នៅឯទីប្រជុំជន Mercadal នៃទីក្រុង Menorca ស្ថិតលើកោះ Balearic ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសុក្រ គេឃើញមាន រថយន្តបានក្រឡាប់លិចចូលទឹក ហើយមនុស្សបាននាំគ្នា បោសសម្អាតទឹក ចេញពីផ្ទះ របស់ពួកគេ។
គ្រឿងសង្ហារិម និងសម្ភារៈផ្សេងទៀត ត្រូវបានគេឃើញ នៅតាមដងផ្លូវនៃទីក្រុង Menorca។ យ៉ាងហោចណាស់មនុស្ស ចំនួន១៦នាក់ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា ខណៈដែលអ្នកស្រុកខ្លះ ត្រូវឡើងទៅលើដំបូលផ្ទះ របស់ពួកគេ ដើម្បីគេចពីទឹកជំនន់ នេះបើតាមកាសែតក្នុងស្រុក។ មន្ត្រីនៅក្នុងទីក្រុង Menorca បានព្រមានអ្នកស្រុក ឱ្យស្នាក់នៅក្នុងផ្ទះ និងហាមឃាត់ការចូលទៅកាន់តំបន់ឆ្នេរ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ទៀតថា ក្រុមប្រឹក្សារបស់ទីក្រុង Menorca បានដាក់សំណើទៅរដ្ឋាភិបាល សម្រាប់តំបន់កណ្តាល នៃកោះមួយនេះថា ជាការប្រកាសអាសន្ន ឬ តំបន់មហន្តរាយ។
ប៉ូលីសអេស្បាញបង្ហាញទិដ្ឋភាព ពីលើអាកាស នៃតំបន់លិចទឹក នៅក្នុងទីក្រុង Menorca បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ដែលបានជន់លិចកោះ Balearic ទៀតផង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត