រដ្ឋមន្រ្តី ហេង សួរ ៖ វិស្វកម្មគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា វិស្វកម្ម គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី ដើម្បីជំរុញការអភិវឌ្ឍសង្គម និងរក្សាតម្លៃវប្បធម៌។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យគណៈវិស្វករកម្ពុជា បន្តប្រមូលធនធានបន្ថែមទៀត ដើម្បីបង្កើតឱកាសផ្សេងៗទាក់ទងនឹងកម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពវិស្វករ លើកកម្ពស់វិជ្ជាជីវៈ និងរីកចម្រើនៃឧត្តមភាព។
ប្រសាសន៍លើកឡើង ឯកឧត្តម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីបិទកម្មវិធីបណ្ដុះបណ្ដាលស្ដីពី«ការកសាងសមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង» នៅសណ្ឋាគារហ្គោលឌិន ស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវស្ថេរភាព នៃការអភិវឌ្ឍ ហើយមិនទុកនរណាម្នាក់ចោល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា (BEC) ដែលជាស្ថាបនិកយុទ្ធសាស្រ្តចតុកោណដែលបានកែប្រែមុខមាត់កម្ពុជាពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម។
នៅក្នុងបេសសកម្មដ៏សំខាន់នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន បាននិងកំពុងបន្តជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាប្រទេសមានប្រាប់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនឹងបេសកកម្មនេះ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ត្រូវបានដាក់ចេញនៅក្នុងអំឡុងពេលរាជរដ្ឋាភិបាល និតិកាលទី៧នេះ ហើយត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ជាពិសេសរាជរដ្ឋាភិបាល កំពុងផ្ដោតទៅលើការអភិវឌ្ឍគុណភាពធនធានមនុស្ស ក៏ដូចជាគុណភាព សមត្ថភាពវិស្វករដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍស្ថេរភាពសេដ្ឋកិច្ចសង្គម។
ឯកឧត្តមមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករបស់អាស៊ាន (MRAs) ស្តីពីសេវាកម្មវិស្វកម្មដែលចុះហត្ថលេខាដោយឯកឧត្តម ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ានកាលពីឆ្នាំ ២០០៥ និងជាគំនិតផ្តួចផ្តើមស្របគ្នារបស់មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រសួងបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិស្វករ ដើម្បីឱ្យវឌ្ឍនភាពបច្ចេកវិទ្យារីកចម្រើនបានឆាប់រហ័ស។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កម្មវិធីបណ្តុះបណ្តាលទាំងនេះ សម្របតាមតម្រូវការវិវត្តន៍ នៃឧស្សាហកម្មផ្សេងៗ ដោយធានាដល់តម្រូវការចាំបាច់ជំនាញវិស្វកររបស់យើងក្នុងការប្រកួតប្រជែងសម្រាប់យុគសម័យនៃឧស្សាហូបនីយកម្ម និងការផ្លាស់ប្តូររចនាសម្ព័ន្ធ ។ តាមរយៈការជំរុញការសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់នេះ ក្រសួងមានការប្តេជ្ញាចិត្តក្នុងការកសាងវិស្វករដែលមានភាពធន់ និងជំនាញជាន់ខ្ពស់ដែលអាចសម្របខ្លួនទៅនឹងទិដ្ឋភាពបច្ចេកវិទ្យាដែលកំពុងវិវឌ្ឍន៍តាមរយៈការពង្រីកកម្លាំងការងារវិស្វកម្មចល័តក្នុងតំបន់៕
ដោយ ៖ ង៉ាន់ ទិត្យ