Biden ៖ បទឈប់បាញ់ Gaza កាន់តែខិតជិតមកដល់
បរទេស៖ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក Jo Biden បាននិយាយ កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ Gaza រយៈពេលយូរ មិនធ្លាប់មាន កាន់តែខិតជិតមកដល់ហើយ។
ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានព្យាយាម ដោះស្រាយភាពខុសគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងកិច្ចពិភាក្សា នៅឯទីក្រុងដូហា ប្រទេសកាតា នាប៉ុន្មានថ្ងៃមកនេះ។
យ៉ាងណាមិញ លោក Biden បាននិយាយថា «យើងមិនទាន់ ដល់ចំណុចព្រមព្រៀង ផ្លូវការទេ ប៉ុន្តែយើងសម្រេចបានលទ្ធផលល្អជាង កាលពី បីថ្ងៃមុន ដូច្នេះ យើងសង្ឃឹមយ៉ាងមុតមាំថា បទឈប់បាញ់នឹងកើតមានឡើង»។
សេចក្តីថ្លែងការណ៍រួមមួយ របស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ បាននិយាយថា «ក្នុងរយៈពេល៤៨ម៉ោងចុងក្រោយ នៅទីក្រុងដូហា មន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាលរបស់យើងបានចូលរួមកិច្ចពិភាក្សា យ៉ាងយកចិត្តទុកដាក់ ក្នុងនាមជាអ្នកសម្រុះសម្រួល ក្នុងគោលបំណងសម្រេច ឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ព្រមទាំង អ្នកជាប់ឃុំ»។
សេចក្តីថ្លែងការណ៍បាននិយាយថា «ក្រុមការងារនឹងបន្តការងារបច្ចេកទេស ក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខនេះ រួមទាំងការរៀបចំ អនុវត្តបទប្បញ្ញត្តិ មនុស្សធម៌ ដ៏ទូលំទូលាយ»។
គួរបញ្ជាក់ថា ចាប់តាំងពីអ៊ីស្រាអែល សងសឹកនឹងហាម៉ាស់ ប្រមាណ១០ខែមកនេះ មនុស្សជាង៤ម៉ឺននាក់បានស្លាប់ នៅហ្គាហ្សា នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយហាម៉ាស់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត