រដ្ឋមន្រ្តីការងារ ៖ វិស្វកម្ម គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម
(ភ្នំពេញ)៖ វិស្វកម្ម គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី ដើម្បីជំរុញការអភិវឌ្ឍសង្គម និងរក្សាតម្លៃវប្បធម៌ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញបិទកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការកសាងសមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង» នៅសណ្ឋាគារហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ ។
យោងតាមរបាយការណ៍ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានឱ្យដឹងថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិជ្ជាជីវៈវិស្វកម្មជាតិ មានភារកិច្ចប្រមូលផ្តុំធនធានបញ្ញវន្តវិស្វករ ដោយការចុះបញ្ជី និងផ្តល់ការអភិវឌ្ឍសមត្ថភាព ប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករគ្រប់ជំនាញ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ រួមទាំង ការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្ទៃក្នុងវិស្វកម្មថ្នាក់ជាតិ និងអន្តរជាតិ។ បច្ចុប្បន្ន គណៈវិស្វករកម្ពុជា ជាសមាជិកស្ថាប័ន សហព័ន្ធវិស្វកម្មអាស៊ាន (AFEO) និងគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើម អាស៊ាន (ACPECC) ដែលជាស្ពានផ្តល់លទ្ធភាពឱ្យវិស្វករអាជីពជាតិ មានឱកាសធ្វើចល័តភាពក្នុងតំបន់ ។
ឯកឧត្តម សុខុម រិទ្ធីវុធ បានបន្តថា រយៈពេល១សប្តាហ៏នេះ សិក្ខាកាមដែលមកពីបណ្តាប្រទេសអាស៊ានក្នុងអនុតំបន់មេគង្គ-ឡានឆាង ទាំងអស់សរុបប្រមាណ១១៥នាក់ បានត្រងត្រាប់នូវរាលបទបង្ហាញរបស់វាគ្មិនដែលមានបទពិសោធន៍ និងជំនាញខ្ពស់ពីប្រទេសកម្ពុជា ចិន និងម៉ាឡេស៊ី លើប្រធានបទជាច្រើន ។ ជាមួយនឹងភាពប៉ិនប្រសព្វរបស់វាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងការចូលរួមពិភាក្សាដោយផុសផុល និងយកចិត្តទុកដាក់របស់សិក្ខាកាម ជាលទ្ធផលវគ្គបណ្តុះបណ្តាលមួយសប្តាហ៍នេះ យើងទទួលបានជនបង្គោល ឬជាវាគ្មិន ដែលអាចបន្តចែករំលែកជំនាញ និងបទពិសោធន៍ដល់វិស្វករប្រទេសរៀងៗខ្លួនធ្វើយ៉ាងណាឱ្យវិស្វករមានគុណវុឌ្ឍិប្រហាក់ប្រហែលគ្នាក្នុងតំបន់អាស៊ាន ដែលជាឱកាសសម្រាប់ចល័តភាពសេវាវិស្វកម្ម ស្របតាមគោលដៅរបស់ម្ចាស់ជំនួយក្នុងការលើកកំពស់កំរិតសមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈរបស់សិក្ខាកាមជាវិស្វករនៃ ប្រទេសសមាជិកអាស៊ានចុងក្រោយទាំង៤។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលទាំងនេះ សម្របតាមតម្រូវការវិវត្តន៍នៃឧស្សាហកម្មផ្សេងៗ ដោយធានាដល់តម្រូវការចាំបាច់ជំនាញវិស្វកររបស់យើងក្នុងការប្រកួតប្រជែងសម្រាប់យុគសម័យ នៃឧស្សាហូបនីយកម្ម និងការផ្លាស់ប្តូររចនាសម្ព័ន្ធ។ តាមរយៈការជំរុញការសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់នេះ ក្រសួងមានការប្តេជ្ញាចិត្តក្នុងការកសាងវិស្វករដែលមានភាពធន់ និងជំនាញជាន់ខ្ពស់ដែលអាចសម្របខ្លួនទៅនឹងទិដ្ឋភាពបច្ចេកវិទ្យាដែលកំពុងវិវឌ្ឍន៍តាមរយៈការពង្រីកកម្លាំងការងារវិស្វកម្មចល័តក្នុងតំបន់។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តយ៉ាងមុតមាំដល់គណៈវិស្វករកម្ពុជាបន្តប្រមូលផ្តំធនធានដើម្បីបង្កើតឱកាសបន្ថែមទៀតសម្រាប់កម្មវិធីបណ្តុះបណ្តាលស្រដៀងគ្នានេះ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ