ឥណ្ឌូណេស៊ីប្រារព្ធទិវាឯករាជ្យ នៅរដ្ឋធានីអនាគត
ហក្សាកាតា៖ នៅថ្ងៃសៅរ៍នេះ ប្រទេស ឥណ្ឌូណេស៊ី បានប្រារព្ធពិធីអបអរសាទរ ទិវាឯករាជ្យជាតិ នៅទីក្រុង Nusantara នៅលើកោះ Borneo ដែលជាអនាគតរដ្ឋធានីថ្មី ជំនួស ហ្សាកាតា។ រដ្ឋាភិបាលបានប្រញាប់ប្រញាល់ បញ្ចប់រដ្ឋធានី នាពេលអនាគត ខណៈដែលមានការលិចលង់ និងការបំពុលកាន់តែខ្លាំង នៅហ្សាកាតា។
រដ្ឋាភិបាលឥណ្ឌូនេស៊ីចង់សាងសង់ រដ្ឋធានីថ្មី Nusantara នេះ ដើម្បីជំរុញអភិវឌ្ឍន៍ ឲ្យនៅឆ្ងាយពីទីក្រុងធំ Jakarta ដែលមានប្រជាជនប្រហែល ១២ លាននាក់។ ប៉ុន្តែ គម្រោង តម្លៃ ៣២ពាន់លានដុលារ មួយនេះ មានការពន្យារពេលសាងសង់ជាបន្តបន្ទាប់ ជាមួយនឹងបញ្ហាថវិកា។
ឥណ្ឌូណេស៊ីបានប្រកាសឯករាជ្យ នៅឆ្នាំ១៩៤៥ បន្ទាប់ពីស្ថិតការគ្រប់គ្រងរបស់ហូឡង់ អស់រយៈពេលជាង ៣ សតវត្ស និងនៅចុងបញ្ចប់ នៃការកាន់កាប់របស់ជប៉ុន ក្នុងអំឡុងសង្គ្រាមលោក លើកទីពីរ។
ប្រធានាធិបតី Widodo បានចូលរួមពិធីនេះ ប៉ុន្តែ មិនបានថ្លែងទៅកាន់អ្នកចូលរួមទេ។ អ្នកស្នងតំណែងថ្មី គឺលោក Prabowo Subianto ក៏បានចូលរួមក្នុងពិធីនេះដែរ។ កម្មវិធីជាច្រើនត្រូវបានរៀបចំ រួមមានទាំងការអធិស្ឋាន និងក្បួនដង្ហែរយោធា ជាដើម។ ទោះយ៉ាងណាក៏ដោយ ដោយសារកង្វះកន្លែងស្នាក់នៅ ព្រោះដំណើរការសង់រដ្ឋធានីថ្មីនេះ មិនទាន់រួចរាល់ តម្រូវឲ្យកាត់បន្ថយអ្នកចូលរួម ពី៨ពាន់ មកនៅត្រឹម ២ពាន់នាក់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត