រួមគ្នាដាំដើមឈើ គាំទ្រយុទ្ធនាការពន្លកបៃតង គាំទ្រការអភិវឌ្ឍ

(ត្បូងឃ្មុំ)ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបើកយុទ្ធនាការ​ដាំកូន​ឈើរួមគ្នាក្នុងពេលតែមួយ នៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្តុះ​ផ្នត់​គំនិត ពន្លកបៃតង»។ ពិធីនេះត្រូវបានធ្វើឡើងនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុង​ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការ​អញ្ជើញចូលរួមពីក្រុម ការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស អាជ្ញាធរដែនដី ប្រជា​ពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងប្រាំពីរស្រុក-ក្រុង នៅខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងបញ្ជាក់ថារួមគ្នាដាំដើមឈើ គាំទ្រយុទ្ធនាការពន្លក​បៃតង រ បស់រារដ្ឋាភិបាលកម្ពុជា ក៏ដូចជាគាំទ្រការអភិវឌ្ឍរបស់ប្រទេសផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ព្រះរាជា​ណា​ចក្រកម្ពុជាយើងកំពុងរួមគ្នា សាមគ្គីគ្នាដាំដើមឈើ ធ្វើយ៉ាងណាឲ្យកម្ពុជា ជាប្រទេស​អព្យាក្រឹតកាបូន និងធ្វើឲ្យគម្របព្រៃឈើកើនឡើងដល់ ៦០% នៅត្រឹមឆ្នាំ២០៥០។ ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា គឺជាសួតសម្រាប់ដកដង្ហើមនៅអាស៊ីអាគ្នេយ៍ ដូច្នេះ​មានតែការដាំ និងពង្រីកការដាំដុះព្រៃឈើមានសារៈសំខាន់ ក្នុងការលក់ឥណទានកាបូន ហើយការដាំកូនឈើ គឺស្របនឹងយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថានក្នុងរយៈពេល ១ឆ្នាំ របស់អាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលគឺការផ្តួចផ្តើមឱ្យមានការវិនិយោគ​បៃតង គិតគូរដល់ប្រយោជន៍របស់សហគមន៍។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានផ្តល់កូនឈើចំនួន ១៧៤០០ ដើម ដល់រដ្ឋបាល​ខេត្តត្បូងឃ្មុំ បន្ថែមពីការផ្តល់ជូនក្នុងយុទ្ធនាការការ«ពន្លកបៃតង» ដែលបានអនុវត្តកាល​ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន និងពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្តនានា ដែលទទួលបានសាទរ និងកោតសរសើរពីថ្នាក់ដឹកនាំកំពូល រហូតដល់ប្រជាពល រដ្ឋ ដែលបានបណ្តុះគំនិតពន្លកបៃតងនៅកម្ពុជា។

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ដត្បូងឃ្មុំ បានថ្លែងថា ក្រសួងបរិស្ថាន​បានដើរតួ​យ៉ាង​សំខាន់ ក្នុងការបណ្តុះគំនិតបញ្ជ្រាបឥរិយាបថស្រលាញ់បរិស្ថានស្អាត ស្រលាញ់​ដើម​ឈើបៃតង គាំទ្រដល់សកម្មភាពអនុវត្ត លើកស្ទួយការស្រលាញ់ថែរក្សាធនធាន នៅកម្ពុជា។

យុទ្អសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះយុទ្ធសាស្ត្រទី២ “ភាពបៃតង” ផ្តោតលើ​អាទិ​ភាព​​ចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមាន​យុទ្ធនាការ “ពន្លកបៃតង” ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំយ៉ាងតិច ១លាន​ដើមក្នុង ១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះ ការអនុវត្តច្បាប់ ១០០% ចំពោះ​បទ​ល្មើ​សធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់​គ្រង​ធនធានធម្មជាតិ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា​ឱ្យដាំដើមឈើឱ្យបាន​ច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែបៃតង​នៅតាមតំបន់ការពារធម្មជាតិ។

គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថាន កាលពីខែតុលា ២០២៣កន្លងទៅ បានដាក់ចេញ​យុទ្ធនាការដាំដើមឈើយ៉ាងតិចឲ្យបាន១លានដើម ដើម្បីបង្កើនគម្របព្រៃឈើ​ឲ្យបាន ៦០ភាគរយ។ គិតត្រឹមខែសីហានេះ ក្រសួង បរិស្ថាន បានផ្តល់កូនឈើ បានលើស១,៣ លានដើម ដល់ អាជ្ញាធររាជធានី-ខេត្ត និងប្រជាពលរដ្ឋ ដើម្បីយកទៅដាំដុះ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ជីម ភារ៉ា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner