អ៊ីរ៉ង់មិនទាន់សងសឹកផង! អ៊ីស្រាអែលបន្តវាយប្រហារលីបង់
បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ មនុស្សយ៉ាងតិចណាស់ ចំនួន៩នាក់បានស្លាប់ អំឡុងការវាយប្រហារ របស់អ៊ីស្រាអែល។ អ៊ីស្រាអែលអះអាងថា ជាការបន្តវាយលុកទីតាំងជួញដូរអាវុធ របស់ចលនា ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ។
នេះគឺជាការវាយប្រហារបន្តបន្ទាប់គ្នា ចាប់តាំងចុងខែកក្កដា ដែលមានការស្លាប់ ប្រធានប្រតិបត្តិការកំពូលនៃក្រុម ហេសបូឡា និងប្រធាននយោបាយរបស់ក្រុមហាម៉ាស់។ ការណ៍នេះនាំឱ្យមានការប្តេជ្ញាសងសឹកពីក្រុម ហេសបូឡា, អ៊ីរ៉ង់ និងក្រុមគាំទ្រអ៊ីរ៉ង់ ផ្សេងទៀតនៅក្នុងតំបន់ ដែលបានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការស្លាប់បុគ្គលទាំងពីររូប ប៉ុន្តែ មិនទាន់មានសកម្មភាពសងសឹក នៅឡើយទេ។
ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល បានកើតឡើង នៅតំបន់ ណាបាតេដ (Nabatieh) ភាគខាងត្បូងលីបង់ បណ្តាលឲ្យមានមនុស្សស្លាប់ដ៏ច្រើនបំផុត ចាប់តាំងពីក្រុម ហេសបូឡា និងកងកម្លាំងអ៊ីស្រាអែលចាប់ផ្តើមបាញ់ប្រហារគ្នា រៀងរាល់ថ្ងៃ នៅតាមព្រំដែន ពោលគឺបន្ទាប់ពីផ្ទុះសង្គ្រាម នៅតំបន់ហ្គាហ្សា កាលពីខែតុលា។
ក្រសួងសុខាភិបាលលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារចុងក្រោយនេះ រួមមានទាំង «ស្ត្រីម្នាក់ និងកូនពីរនាក់ របស់នាង» និងមនុស្ស៥ នាក់ផ្សេងទៀត បានរងរបួស។
តាមរយៈបណ្តាញ Telegram យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងអាកាសបានវាយប្រហារកន្លែងផ្ទុកអាវុធរបស់ ក្រុមហេសបូឡា ពេញមួយយប់ នៅក្នុងតំបន់ ដែលមានចម្ងាយប្រហែល ១២គីឡូម៉ែត្រ ពីចំណុចក្បែរព្រំដែនអ៊ីស្រាអែល។ យោធាបាននិយាយទៀតថា កាំភ្លើងធំរបស់អ៊ីស្រាអែលបានវាយប្រហារគោលដៅផ្សេងទៀត នៅជិតព្រំដែននៅភាគខាងត្បូង លីបង់ បន្ទាប់ពីការវាយប្រហារតាមអាកាស កាលពីថ្ងៃសុក្រ លើរចនាសម្ព័ន្ធយោធា ហេសបូឡា នៅលីបង់ នេះដូចគ្នា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត