ដើមឈើ ២ពាន់ដើម ត្រូវបានដាំតាមដងផ្លូវក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ធរ ដើម្បីសហគមន៍បៃតង
(ព្រៃវែង)៖ ដើមឈើចំនួន ២ពាន់ដើម ដែលដាំតាមដងផ្លូវលេខ384B ត្រូវបាន ឯកឧត្តម សាស្រ្តាចារ្យ សេង ផល្លីប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកស្វាយអន្ធរ ខេត្តព្រៃវែង និងលោក លី វ៉ាន់ឌី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លា និងលោកស្រី រួមជាមួយ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សាជាច្រើនបានចូលរួមដាំដើមឈើ ដើម្បីសហគមន៍ស្រស់បំព្រង ព័ណ៌បៃតង ស្ថិតនៅក្នុងភូមិត្រោក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម សាស្រ្តាចារ្យ សេង ផល្លី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានលើកឡើងថា ការដែលបានបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សដាំដើមឈើនាថ្ងៃនេះ គឺពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាការពារបរិស្ថានក្នុងសហគមន៍ឲ្យស្រស់បំព្រងពណ៌បៃតងអមសងខាងផ្លូវ ។
ឯកឧត្តម សាស្រ្តាចារ្យ បានបញ្ជាក់ដែរថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ពិធីដាំដើមឈើ ដែលបានប្រារឰនាពេលនេះ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធ ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។
ឯកឧត្តម សាស្រ្តាចារ្យ សេង ផល្លី ក្នុងនាមប្រធានក្រុមការងារ និងលោក លី វ៉ាន់ឌី និងលោកស្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ជួយថែរក្សាដើមឈើទាំងអស់នេះឱ្យឆាប់ធំ និងបានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានដើមឈើនៅតាមមុខផ្ទះ ឬអាជីវកម្មរបស់ខ្លួន សូមជួយថែរក្សា ដើម្បីជាម្លប់សោ័ណ្ឌភាព សម្រាប់មូលដ្ឋានរបស់ខ្លួនកាន់តែល្អថែមទៀត ៕
ដោយ ៖ វណ្ណលុក