ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ណែនាំដល់មន្ត្រីរាជការឱ្យ យល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)
(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអធិការកិច្ចសរុប ចំនួន ៤០០នាក់ នៅទីស្តីការក្រសួង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីពន្យល់ឱ្យយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កុំឱ្យធ្លាក់ក្នុងឧបាយកលរបស់ក្រុមឧទ្ទាមប្រឆាំងមួយក្តាប់តូច ដែលមានចេតនាទុច្ចរិតបង្កភាពវឹកវរ និងចលាចលនៅកម្ពុជានាពេលខាងមុខ។
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានបង្ហាញការប្តេជ្ញាចិត្ត ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា នៅប៉ុន្មានថ្ងៃមុននេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច បានរៀបចំឧបាយកលអាក្រក់ និងណែនាំពលរដ្ឋឱ្យលង់តាមការឃោសនា ញុះញង់ បោកបញ្ឆោតបំភ្លៃការពិតអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បីប៉ុនប៉ងបង្កើតសកម្មភាពបាតុកម្ម និងចលនាគ្រប់រូបភាព ដោយចោទប្រកាន់ទាំងងងឹតងងុលមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងប្រើប្រាស់រូបភាពបាតុកម្មនេះ ជាបដិវត្តពណ៌ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។
ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងអធិការកិច្ចទាំងអស់ បានអបអរសាទរ និងគាំទ្រលើកស្លាក «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា យើងខ្ញុំទាំងអស់គ្នាគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងប្តេជ្ញាចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះឆន្ទះដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ជាពិសេសគាំទ្រ និងប្តេជ្ញាអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ៕
ដោយ ៖ ហេង សម្បត្តិ