វេជ្ជបណ្ឌិតថៃផ្តល់ការពិគ្រោះយោបល់បញ្ហាសុខភាពដល់ប្រជាជនកម្ពុជាឥតគិតថ្លៃ

ភ្នំពេញ៖ CMS-Cam Medical Services ដែលជាភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស សហការជាមួយមន្ទីរពេទ្យវេជ្ជថានី (Vejthani) ប្រទេសថៃ នៅថ្ងៃទី១៧ ខែសីហានេះ បានរៀបចំកម្មវិធីពិគ្រោះយោបល់ដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតមកពីប្រទេសថៃ ទៅលើបញ្ហាសុខភាពស្តីពី ការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ និងត្រគាក និងការព្យាបាលបញ្ហាខួរក្បាលដោយការវះកាត់។

កម្មវិធីពិគ្រោះយោបល់ដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតមកពីប្រទេសថៃ បានប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅអាគារ The KK Biz ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់សាធារណជនទូទៅ។ កម្មវិធីនេះ វេជ្ជបណ្ឌិតឯកទេសមានបទពិសោធន៍ជាច្រើនឆ្នាំ មកពីមន្ទីរពេទ្យវេជ្ជថានី(Vejthani)ប្រទេសថៃ ចំនួនពីររូប បានធ្វើបទបង្ហាញលើប្រធានបទពីរផ្សេងគ្នាដោយនៅពេលព្រឹក លោកវេជ្ជបណ្ឌិត ព្រីមស្ទៀន ស៊ីរីថាណាភីផាត(PREMSTIEN SIRITHANAPIPAT) ឯកទេសវះកាត់ផ្លាស់ប្ដូរទ្រនាប់ជង្គង់ និងត្រគាក ធ្វើបទបង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយបង្អស់ នៃការវះកាត់ផ្លាស់ប្តូរទ្រនាប់ជង្គង់ និងត្រគាក និងនៅពេលរសៀល លោកវេជ្ជបណ្ឌិត ផុងសាកន ផុងសាផាស (PONGSAKORN PONGSAPAS) វេជ្ជបណ្ឌិតឯកទេសវះកាត់ខួរក្បាល ធ្វើបទបង្ហាញអំពីការព្យាបាលបញ្ហាខួរក្បាលដោយការវះកាត់។

កម្មវិធីនេះបានផ្ដល់ជូនអ្នកចូលរួម នូវការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ជាមួយវេជ្ជបណ្ឌិតឯកទេសទាំងពីរដោយផ្ទាល់ផងដែរ។ នេះជាលើកទី២ហើយ ដែល CMS បានអញ្ជើញវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសថៃ ដើម្បីបង្ហាញនូវបច្ចេកវិទ្យានៃការព្យាបាលថ្មីៗ ក៏ដូចជាផ្តល់នូវកម្មវិធីពិគ្រោះយោបល់បញ្ហាសុខភាពដោយឥគិតថ្លៃដល់ប្រជាជនកម្ពុជា។

លោកស្រី ខែក ខេមរ៉ាត អគ្គនាយិការបស់ក្រុមហ៊ុន KK Group តំណាងអោយ CMS បានថ្លែងថា កម្មវិធីពិគ្រោះយោបល់ដោយឥតគិតថ្លៃលើបញ្ហាសុខភាពនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរបានស្វែងយល់បន្ថែមទៀតជាពិសេសអ្នកដែលមានបញ្ហាពាក់ព័ន្ធនឹងជំងឺសន្លាក់ ក៏ដូចជាមានបញ្ហាពាក់ព័ន្ធនឹងបញ្ហាឈឺក្បាលរុំាំរ៉ៃ ជំងឺសរសៃប្រសាទក្នុងខួរក្បាល។

អ្នកដែលចូលរួមទទួលបានអត្ថប្រយោជន៍ជាច្រើន មានដូចជាបានស្វែងយល់អំពីការវិវត្តរីកចម្រើននៃបច្ចេកទេសព្យាលជំងឺនាពេលបច្ចុបប្បន្ន និងការថែទាំ ក៏ដូចជាវិធីការពារសុខភាពឱ្យបានល្អ ជាពិសេសពួកគាត់ក៏ទទួលបានការប្រឹក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ពីបញ្ហាសុខភាពជាមួយវេជ្ជបណ្ឌិតជំនាញមកពីប្រទេសថៃ។
 
សូមបញ្ជាក់ថា CMS-Cam Medical Services មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការផ្តល់នូវសេវាកម្ម ការបញ្ជូនអ្នកជំងឺទៅសង្គ្រោះនៅក្រៅប្រទេសតាមយន្តហោះ និងរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យធំៗនៅក្នុងប្រទេសថៃ និងទៅកាន់មន្ទីរពេទ្យល្បីៗនៅប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ និងមានសេវាកម្មផ្តល់ការប្រឹក្សាក្នុងការជ្រើសរើសមន្ទីរពេទ្យដៃគូ និងរៀបចំឯកសារបញ្ជូនអ្នកជំងឺទៅសង្គ្រោះបានលឿន រហ័ស និងប្រកបដោយសុវត្ថិភាពខ្ពស់៕ អត្ថបទ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner