ជប៉ុននឹងបាញ់បញ្ជូនថាមពលព្រះអាទិត្យ ពីទីអវកាសមកផែនដីនៅឆ្នាំ ២០២៥

តូក្យូ : ប្រទេសជប៉ុនមានគម្រោងបញ្ជូនថាមពលពន្លឺព្រះអាទិត្យពីលំហអាកាស មកកាន់ផែនដីនៅឆ្នាំក្រោយ ពីរឆ្នាំបន្ទាប់ពីវិស្វករអាមេរិកបានទទួលជោគជ័យ ក្នុងការអនុវត្តគម្រោងស្រដៀងគ្នានេះ។ នេះជាផ្នែកនៃគម្រោងរបស់ប្រទេសជប៉ុន ក្នុងការបញ្ជូនឧបករណ៍ស្រូបយកថាមពលពីព្រះអាទិត្យ (Solar Panel) ទៅដាក់បណ្តែតនៅទីអវកាស ហើយបាញ់បញ្ជូនថាមពលទាំងនោះ មកកាន់ភពផែនដីវិញ (beam) ដែលនឹងកើតឡើងនៅឆ្នាំ ២០២៥ខាងមុខ។ ការអភិវឌ្ឍន៍នេះ នឹងបង្កើនសង្វាក់ផ្គត់ផ្គង់ថាមពលកកើតឡើងវិញដូចជាថាមពលព្រះអាទិត្យ ដែលមានស្ថិរភាពជាងនៅលើផែនដី ព្រោះផែនដីតែងមានអាកាសធាតុប្រែប្រួលជាប្រចាំ និងរដូវផ្លាស់ប្តូរមិនទៀងទាត់។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះក៏នឹងគាំទ្រដល់គោលគំនិតកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ហើយឈានទៅទប់ទល់ការប្រែប្រួលអាកាសធាតុ ដែលកំពុងតែបង្កផលលំបាកយ៉ាងធ្ងន់ធ្ងរ ដល់អនាគតមនុស្សជាតិលើភពផែនដី។ នៅក្នុងគម្រោងនោះដែរ វិទ្យាស្ថានស្រាវជ្រាវទីអវកាសជប៉ុនចង់បង្កើត ឲ្យមានស្ថានីយស្រូបយកថាមពល ព្រះអាទិត្យខ្នាតតូចមួយ ដែលគោចរនៅក្នុងគន្លងកម្រិតទាបរបស់ភពផែនដី  ដែលមានរយៈកម្ពស់ពីផ្ទៃដីចាប់ពី ២៥០គីឡូម៉ែត្រឡើងទៅ។ ពេលស្រូបថាមពលរួច ស្ថានីយនោះអាចផ្ទេរថាមពលមកកាន់ឧបករណ៍ស្រូប និងរក្សាទុកថាមពលនៅលើផែនដីដោយឥតខ្សែ។ តាមរយៈគម្រោងនេះ ជប៉ុននឹងបង្កើតផ្កាយរណបខ្នាតតូចមួយ មានទម្ងន់ប្រមាណ ១៨០គីឡូក្រាម បំពាក់បន្ទះ សូឡា ប្រវែង ២ម៉ែត្រ ដែលនឹងស្រូបរួចបាញ់បញ្ជូនថាមពលព្រះអាទិត្យ ពីក្នុងគន្លងគោចរកម្ពស់ ៤០០គីឡូម៉ែត្រមកកាន់ផ្ទៃផែនដី។ នេះអាចជាការធ្វើតេស្តដំបូង ក្នុងការបញ្ជូនថាមពលកម្រិត ១គីឡូវ៉ាត់ ឬបើប្រៀបធៀបទៅស្មើនឹងថាមពលដែលអាចទ្រទ្រង់ដំណើរការនៃម៉ាស៊ីនលាងចានខ្នាតតូចមួយគ្រឿង ក្នុងរយៈពេល១ម៉ោង។ ដោយសារតែផ្កាយរណបស្រូបថាមពលព្រះអាទិត្យ ត្រូវគោចរក្នុងល្បឿនយ៉ាងលឿនដល់ទៅ ២៨,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះបណ្តាញអង់តែងសម្រាប់ទទួលយកថាមពលមកកាន់ភពផែនដីវិញ នឹងត្រូវដាក់ពង្រាយបណ្តាក់ៗគ្នាក្នុងរយចម្ងាយ ៤០គីឡូម៉ែត្រ ហើយអង់តែនីមួយៗត្រូវមានគម្លាត ៥គីឡូម៉ែត្រពីគ្នា ខណៈការស្រូបថាមពលអស់ពីផ្កាយរណបត្រូវការពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ប្រសិនបើដំណាក់កាលដំបូងដែលនឹងកើតឡើងនៅឆ្នាំ២០២៥ ខាងមុខនេះទទួលបានជោគជ័យ នោះផ្កាយរណបស្រូបថាមពលបន្ថែមទៀតនឹងត្រូវបញ្ជូនទៅកាន់ទីអវកាស ដើម្បីបង្កើតជាស្ថានីយស្រូប និងបញ្ជូនថាមពលតែម្តង៕
 
ប្រភព៖ Space ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner