ឯកឧត្តម ញឹក ប៊ុនឆៃ៖ ការចោទប្រកាន់របស់ក្រុមប្រឆាំង​ជ្រុលនិយមថារដ្ឋាភិបាលកាត់ខេត្ត៤ ឱ្យទៅវៀតណាម គឺខុសពីការពិត

ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ ឯកឧត្តម ញឹក ប៊ុនឆៃ បានថ្លែងថា ការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុល​និយមមួយក្តាប់តូចថា រដ្ឋាភិបាលកម្ពុជាបានកាត់ខេត្តចំនួន ៤ គឺខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ទៅឲ្យវៀតណាម គឺជាការលើកឡើងផ្ទុយពីការពិតមិនត្រឹមត្រូវនោះទេ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ គិតមកដល់ឥឡូវរយៈពេល២៥ឆ្នាំហើយ ហើយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជួយធ្វើឲ្យខេត្តទាំង៤ របស់កម្ពុជានៅភូមិភាគឥសាន មានការអភិវឌ្ឍន៍រីកចំរើនហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

ឯកឧត្តម ញឹក ប៊ុនឆៃ បានបន្តថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក្រៅតែពីថវិការបស់រាជរដ្ឋាភិបាល ហើយប្រទេសជប៉ុនក៏បានជួយដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះផងដែរ ហើយក្នុងនោះក៏មានធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចអគ្គមហាសេនាបតីតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA ជាត្រីវិស័យ នៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជន នៃប្រទេសទាំងបី នៅលើដងវិថី នៃសន្តិភាពសន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។ តំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេសទាំង៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត ដូចជាខេត្ត កុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក ខណៈប្រទេសឡាវ មានចំនួន ៤ខេត្ត ដូចជាខេត្ត អាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់ និងកម្ពុជា មានចំនួន៤ខេត្ត គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA នៃប្រទេសទាំង៣ ជាតំបន់ ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិនិងជីវចម្រុះជាច្រើនវិស័យ។ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរក្នុងការតភ្ជាប់តំបន់របស់យើងឲ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕
ដោយ៖ពលជ័យ

ads banner