អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ សកម្មភាពរបស់ក្រុមជនមួយក្តាប់តូចពីក្រៅប្រទេស និងក្នុងប្រទេស គឺបានរៀបចំផែនការយ៉ាងគត់មត់ដើម្បីឈានទៅដល់ការផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ៖ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការដែលកងកម្លាំងនគរបាលជាតិ អាជ្ញាធររដ្ឋបាលដែនដីគ្របលំដាប់ថ្នាក់ចេញមកចាត់វិធានការចំពោះក្រុមជនមួយក្តាប់តូចដែលញុះញង់បង្កឱ្យមានចលាចលក្នុងសង្គម គឺមិនមែនជាការគំរាមកំហែងទេ។ បើសិនជាការធ្វើបាតុកម្មដោយសន្តិវិធីស្របតាមច្បាប់ស្តីពីបាតុកម្មរបស់កម្ពុជា គឺមិនខុសទេ ហើយអាជ្ញាធរ ឬសមត្ថកិច្ចមានតែជួយសម្រួល។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថា ចំពោះសកម្មភាពរបស់ជនមួយក្តាប់តូចពីក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន គឺបានរៀបចំផែនការរបស់ខ្លួនបានយ៉ាងគត់មត់ រៀបចំសម្ភារៈ ឧបករណ៍បង្កគ្រោះថ្នាក់នានា ហើយនឹងសារញុះញង់ ឬក៏ជំរុញឱ្យមានការប្រើអំពើហិង្សានៅពេលដែលការប្រមូលផ្តុំនោះប៉ះទង្គិចជាមួយនឹងខាងសមត្ថកិច្ច ឬក៏អាជ្ញាធរ។ ទាំងអស់នេះ មិនមែនជាបាតុកម្មទេ គឺជាផែនការកុបកម្ម ហើយជាការយកលេសអំពីការធ្វើបាតុកម្មបម្លែងទៅជាបដិវត្តន៍ពណ៌ដើម្បីឈានទៅដល់ការផ្តួលរំលំរាជរដ្ឋាភិបាល។ គេធ្វើនេះ គឺយកលេសហេតុផល CLV មកធ្វើជាឈ្នាន់នយោបាយដើម្បីរុញស្ថានការណ៍ឱ្យទៅជាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ដូច្នេះសមត្ថកិច្ចក្តី អាជ្ញាធរដែនដីក្តី ជាពិសេសក្រសួងមហាផ្ទៃមានតួនាទីភារកិច្ច កាតព្វកិច្ចនៅក្នុងការគ្រប់គ្រងសន្តិសុខជារួម ស្ថេរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមទាំអមូល ការពារប្រឃជាពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារកម្ពុជាទាំងមូលកុំឱ្យក្រឡាប់ចាក់ដោយសារតែជនឱកាសនិយមពីក្រៅប្រទេស ដែលធ្វើដើម្បីបំពេញមហច្ឆិតារបស់ខ្លួន មិនគិតគូររបស់អ្នកដែលភ័ន្តច្រឡំចូលរួមជាមួយខ្លួន មិនគិតគូរអំពីគ្រោះថ្នាក់របស់ជាតិទាំងមូល គិតតែអំពីអំណាចផ្ទាល់ខ្លួនរបស់ក្រុមខ្លួន៕
ដោយ៖ពលជ័យ

ads banner