ឯកឧត្តមបណ្ឌិត ម៉ឹង មករា ដឹកនាំដាំកូនឈើរួមគ្នាក្នុងពេលតែមួយនៅទូទាំងស្រុកមេមត់ ក្រោមប្រធានបទ “បណ្តុះផ្នត់គំនិត ពន្លកបៃតង”
ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ បានចូលរួមជាអធិបតី ក្នុង “ពិធីដាំកូនឈើរួមគ្នាក្នុងពេលតែមួយនៅទូទាំង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ” ក្រោមប្រធានបទ “បណ្តុះផ្នត់គំនិត ពន្លកបៃតង” នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងបរិវេណវត្តក្ងោក ភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាស្រុក ថ្នាកដឹកនាំនិងមន្ត្រីរដ្ឋបាលស្រុកមេមត់ កងកម្លាំងស្រុកទាំងបីប្រភេទ ប្រជាពលរដ្ឋឃុំគគីរ អ្នកគ្រូលោកគ្រូ សិស្សានុសិស្ស យុវជនមូលដ្ឋាន សរុបចំនួនជាង ៤០០នាក់ ។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រមទាំងបណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ និងជាពិសេស ការចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព ។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ ។
ឯកឧត្តមបណ្ឌិត បានដឹកនាំដាំកូនឈើ ពីរប្រភេទ គឺដើមធ្នុង និងបេង ចំនួន ១០០០ដើម ដោយ ៣០០ដើម ដាំនៅទីតាំងប្រារព្វពិធីក្នុងបរិវេណវត្តក្ងោក ដោយខាងវត្តជាអ្នកថែទាំក្រោយពេលដាំរួច និង៧០០ដើមទៀត បានចែកចាយឲ្យយកទៅដាំតាមផ្ទះប្រជាពលរដ្ឋ ក្នុងឃុំក្ងោក ស្រុកមេមត់ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបចេះស្រលាញ់ដើមឈើ ចូលរួមដាំដើមឈើតាមគេហដ្ឋានឲ្យបានគ្រប់ៗគ្នា ដើម្បីឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ និងពន្យល់ពីសារប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលស្រុក និងប្រជាពលរដ្ឋចូលរួមក្នុងពិធីនេះ និងបានលើកឡើងអំពីបញ្ហាបំផុសឲ្យប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្មខុសច្បាប់ដោយជនអគតិមួយចំនួន ក្នុងគោលបំណង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាស់ ដែលចលនានេះមិនអាចកើតឡើងទៅរួចទេ ដោយសារប្រជាពលរដ្ឋភាគច្រើនយល់ដឹងច្បាស់អំពីសារប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការនេះ។
មុនពេលកិច្ចសហប្រតិបត្តិកាណ៍ CLV-DTA ខេត្តទាំងបួនក្នុងតំបន់នេះពោរពេញដោយគ្រាប់មិនមិនទាន់ផ្ទុះ ប្រជាពលរដ្ឋមិនអាចទទួលកម្មសិទ្ធិដីធ្លី មិនអាចតាំងទីលំនៅ គ្មានផ្លូវទឹកភ្លើង គ្មានសាលារៀន គ្មានវិនិយោគទុនក្នុងការអភិវឌ្ឍន៍តំបន់ និងពិបាកក្នុងការធ្វើដំណើរ ។ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការណ៍នេះកើតឡើង តំបន់នេះបានទទួលការអភិវឌ្ឍប្រែក្លាយមុខមាត់យ៉ាងខ្លាំង ដោយមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធពេញតំបន់ តំបន់ចំការមីនក្លាយជាតំបន់ពាណិជ្ជកម្ម ការតាំងទីលំនៅចាបផ្តើមរីកដុះដាលឡើង មានផ្លូវធ្វើដំណើរ ដឹកជញ្ជូនទំនិញ មានទឹកមានភ្លើងអគ្គីសនី និងលុបបំបាត់ជម្លោះព្រំប្រទល់ និងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធនៅតាមព្រំដែន ។ ២៥ឆ្នាំក្រោយកិច្ចសហប្រតិបត្តកាណ៍ CLV-DTA ចាប់ផ្តើម តំបន់នេះពោរពេញដោយសុខសន្តិភាព សុវត្ថិភាព និងអភិវឌ្ឍន៍ ហើយប្រជាពលរដ្ឋគ្រប់រូបទទួលបានផលប្រយោជន៍ដោយផ្ទាល់ និងប្រយោល ផងដែរ៕
ដោយ / គ្រី សម្បត្តិ