រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការកោតសរសើរ មន្រ្តីសុខាភិបាលមណ្ឌលសុខភាពនាងកុក ខេត្តកោះកុង ផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់
(កោះកុង)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានបន្តធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពនាងកុក នៃខេត្តកោះកុង ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ មន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបម្រើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្តដល់បុគ្គលិកមណ្ឌលសុខភាពនាងកុក សូមបង្កើនការខិតខំបន្ថែមទៀត ពិសេសគឺពង្រឹងសមត្ថភាពជំនាញបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្តតាមគ្រប់រូបភាព ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។
ឯកឧត្តម និងប្រតិភូ បានសម្តែងក្តីរីករាយ ព្រោះបានជ្រាបថា ទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមណ្ឌល មានឆន្ទៈ និងចូលរួមយ៉ាងសកម្មរៀនសូត្រអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ បានយ៉ាងទៀងទាត់ និងបានយកចំណេះដឹងមកអនុវត្តជាក់ស្តែងជាបន្តបន្ទាប់ ៕
ដោយ ៖ ហេង សម្បត្តិ