រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ៖ “ភាពជាអ្នកដឹកនាំ គឺត្រូវផុសចេញពីបេះដូង ដឹកនាំដោយទឹកចិត្ត ដឹកនាំក្នុងភាពញញឹម និងក្តីរីករាយ”
(កោះកុង)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព ។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងលើកសសើរ អំពី អកប្បកិរិយា ឥរិយាបទល្អ ប្រកបដោយវិជ្ជមានភាពខ្ពស់ក្នុងការគិតគូររបស់អ្នកដឹកនាំមន្ទីរសុខាភិបាល មន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលមានបំណិនប្រសប់ នាំការចូលរួមយ៉ាងសកម្មពីបុគ្គលិកសុខាភិបាលក្រោមឱវាទ លើកស្មារតី លើកតម្កល់ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ។ ឯកឧត្តមសាស្ត្រាចារ្យ បន្ថែមលើការបន្តខិតខំរក្សាភាពគំរូ-ជ័យលាភី និងបន្តដណ្តើមបានភាពគំរូ និងជ័យលាភីបន្តបន្ទាប់ទៀត តាមរយៈការបង្កើនសមត្ថភាពបណ្តុះបណ្តាលទាំងបច្ចេកទេស និងភាពជាអ្នកដឹកនាំ ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមផ្តាំផ្ញើដល់អ្នកដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវ មានស្មារតីចេះជួយគ្នាដោះស្រាយបញ្ហាប្រឈម ពាំនាំដំណោះស្រាយ សាមគ្គីធម៌ ស្រលាញ់-គោរព-តម្កល់វិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីការបម្រើសេវាសាធារណៈមួយ ដែលពោរពេញដោយការស្រលាញ់ពេញចិត្ត ប្រកបដោគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ៕
ដោយ ៖ ហេង សម្បត្តិ