ឯកឧត្តមបណ្ឌិត អាងសុផល្លែត ៖ ការដាំដើមឈើផ្តល់ទាំងអុកស៊ីសែនសម្រាប់ទាំង​សុខភាព និងការលក់ឥណទានកាបូន

(ភ្នំពេញ)៖នៅពេលដែលគ្រប់ភាគីរួមគ្នាការពារព្រៃឈើហើយនោះ សិស្សានុសិស្ស និងក៏ដូចជាពលរដ្ឋត្រូវចូលរួមដាំដើមឈើក្នុងប្រទេសកម្ពុជាយើងឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាសួនព្រៃឈើក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលពេលនោះយើងសម្បូរទៅដោយអុកស៊ីសែនជាទីសុខភាព និងពិសេសក្លាយជាទីកន្លែងលក់ឥណទានកាបូន។

ឯកឧត្តមបណ្ឌិត អាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់បន្ថែមថា៖ ”ប្រទេសគេពុំមានដើមឈើ គេមានតែវិស័យឧស្សាហកម្ម ម្ល៉ោះហើយដើម្បីធ្វើ​ឧស្សា​ហកម្មបាន និងផលិតផលលក់ចេញទៅក្រៅប្រទេសបាន គេត្រូវទិញខ្យល់បរិសុទ្ធ​ពី​កម្ពុជា ​។ ហេតុនេះការដាំដើមឈើនាពេលនេះដែរគឺជាការដាក់ទុនវិនិយោគ​សម្រាប់​ថ្ងៃអនាគតដោយក្នុងនេះចាប់ពី១០ទៅ២០ឆ្នាំក្រោយយើងអាចលក់តែ ឥណទានកាបូន​ក៏បានដែរ។ មិនត្រឹមតែអាចលក់បានថវិការទេ តែការដាំដើមឈើនៅផ្តល់ម្លប់ត្រជាក់​ត្រជុំដល់ពលរដ្ឋកម្ពុជាយើងគ្រប់គ្នាទៀតផង ។

ទន្ទឹមជាមួយការដាំកូនឈើ និងក៏ដូចជាការដាំកូនត្នោតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា​វៀត​ណាមនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តាំផ្ញើឱ្យសិស្សានុសិស្ស ត្រូវរួម​គ្នា​ថែរក្សាដោយស្រោចទឹកដាក់ជីសំដៅធ្វើយ៉ាងណាឱ្យដើមឈើទាំងអស់នេះរីកធំធាត់ និងហុចជាផ្លែផ្កានៅថ្ងៃខាងមុខ។ជាមួយគ្នារដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកទឹកចិត្តឱ្យ​សិស្សនុសិស្សត្រូវបង្កើតប្រព័ន្ធអែប (APP)ជាកម្មវិធីទូរស័ព្ទ ដោយចាត់ទុកដើមឈើ​ឬដើម​ត្នោត​ដែលបានថែទាំជារបស់ខ្លួនឯងរៀងៗខ្លួនសម្រាប់កេរ្តិ៍មរតក​នៃស្នាដៃ​ទៅថ្ងៃខាងមុខ។

ទាក់ទិនក្នុងរឿងនេះ កញ្ញា ញ៉ា ថតដា ដែលជាសិស្សរៀននៅវិទ្យាល័យ ហេង សំរិនចក ស្ថិតនៅខេត្តត្បូងឃ្មុំបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទិនទៅនឹងការដាំដើមឈើ។សិស្សថ្នាក់ទី១០រូបនេះបានចាត់ទុកថាការដាំដើមឈើពិតជាមានសារៈ​សំខាន់​មិនអាចកាត់ថ្លៃបានពីព្រោះថាមិនត្រឹមតែផ្តល់នូវម្លប់ជាទីជ្រកកោនមនុស្សទាំងអស់គ្នាទេតែវានៅជួយឱ្យប្រទេសជាតិ ស្រស់ស្អាតជាទីទាក់ទាញវិស័យទេសចរណ៍ថែមទៀត។ជាមួយគ្នាយុវសិស្សរូបនេះក្រៅពីប្តេជ្ញារួមគ្នាដាំដើមឈើហើយ បានសំណូមពរឱ្យសិស្ស និងពលរដ្ឋចូលរួមថែរក្សាដើមឈើដោយស្រោចទឹកឱ្យបានគ្រប់គ្នាដើម្បីដើមឈើរីកធំធាត់ មិនប្រឈមការងាប់ណាមួយកើតឡើង។

ដោយឡែកយុវសិស្ស ស៊ុននីកន្នីកា រៀនថ្នាក់ទី១០នៃ វិទ្យាល័យ ហេង សំរិនចក ដូចគ្នា​បានលើកឡើងថាដើមឈើពិតជាផ្តល់នូវសារៈសំខាន់សម្រាប់មនុស្សសត្វពីព្រោះថាដើមឈើបានស្រូបនូវសារជាតិពុល ហើយបញ្ចេញមកវិញនូវអុកស៊ីសែនដែលផ្តល់​នូវសុខ​ភាព​ល្អដល់មនុស្សយើង។

កញ្ញាភីត ដួងកែវនិង កញ្ញាទូច វ៉ានឌី បានលើកឡើងដូចគ្នានេះដែរថា ក្នុងយុទ្ធនា​ការដាំ​ដើមឈើនេះបានធ្វើឱ្យសិស្សនុសិស្សកាន់តែយល់ដឹងពីតម្លៃដើមឈើ ហើយបានរួមគ្នា​ដាំដើមឈើដែលមិនត្រឹមតែផ្តល់នូវគុណតម្លៃនាពេលបច្ចុប្បន្នតែវាក៏មានតម្លៃយ៉ាងមហាសាលដល់មនុស្សសត្វនាថ្ងៃអនាគតដ៏វែងឆ្ងាយទៀតផង។

គួរបញ្ជាក់ថាក្រៅពីយុទ្ធនាការដាំដើមឈើ នៅខេត្តត្បូងឃ្មុំមានការ​បំផុសពលរដ្ឋឱ្យរួមគ្នា​ដៃដើមត្នោតតាមខ្សែបន្ទាប់ព្រំដែនជាមួយប្រទេសវៀតណាមចំនួន១ដើមរួចរាល់ផងដែរ។ការដាំត្នោតតាមព្រំដែន ក៏ដូចជាតាមតំបន់មួយចំនួនទៀតក្នុងប្រទេសកម្ពុជាត្រូវបាន ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា គឺមិនដាំរប៉ាត់រប៉ាយទេគឺដាំមានជួរបន្ទាត់ ជារង្វង់ ដាំយកផលធ្វើពាណិជ្ជកម្ម យកផលពីរុក្ខជាតិរបស់ជាតិរបស់មួយនេះ ។ សម្រាប់​​ឆ្នាំក្រោយដាំដើមត្នោតយ៉ាងតិចបំផុតឱ្យបាន ១លានដើម ។ យើង​បណ្តុះ​ដើម្បីចែកចាយសម្រាប់ដាំ។

ជាមួយនឹងយុទ្ធសាស្រ្ត នៃការដាំដើមត្នោតដែលជារុក្ខជាតិ នៃអត្តសញ្ញាណជាតិនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សិស្សានុសិស្ស និងពលរដ្ឋចូលរួមថែរក្សាដើមត្នោត ដែលបានដាំ និងដើមឈើទាំងអស់ដោយដាក់ជីស្រោចទឹកធ្វើយ៉ាងណាឱ្យរីកធំធាត់ និងទទួលបានផល ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner