គណៈមេធាវីកម្ពុជា និងរដ្ឋបាលខេត្តកំពត សហការគ្នាផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយឯកឧត្តម អ៊ឹង ឆាយ អភិបាលរង​នៃ​គណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល​នៃគណៈអភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានធ្វើការ​បើកវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និង ច្បាប់ជាមូលដ្ឋានក្នុង​វិស័យ​ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំសាលា​ខេត្តកំពត ដោយមានការអញ្ជើញចូលរួមដោយ ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំ​គណៈមេធាវី និងសមាជិកប្រតិភូគណៈមេធាវីប្រចាំខេត្តកំពត នាយករដ្ឋបាលសាលា​ខេត្ត ស្រុកទាំង៩ អភិបាលរងក្រុងស្រុក ប្រធាន អនុប្រធានការិយាល័យ​ចំណុះក្រុង​ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុងស្រុកទាំង៩ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ លោកមេឃុំ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ អនុភូមិ ប្រជាការពារ និងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន ។

ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណ ឯកឧត្តម
លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់​ជា​មូលដ្ឋាន​ក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន និង​ដែល​​ការផ្សព្វផ្សាយនេះគឺពិតជាមានសារៈសំខាន់ណាស់ដល់មន្រ្តីដែលជាអ្នកអនុវត្ត​ច្បាប់។

ជាពិសេសគឺការផ្សព្វផ្សាយអំពីសេវាមេធាវីការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃ ។ ឯកឧត្តម បានសំណូមពរឱ្យសមាជិកដែលចូលរួមទាំងអស់ យកចិត្ត​ទុកដាក់​ស្តាប់​ការធ្វើ​បទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាប្រយោជន៍​ក្នុងការយកទៅ​អនុវត្ត​នៅក្នុងកិច្ចការងាររបស់ខ្លួន។

ឯកឧត្តម លី ច័ន្ទតុលា បានគូសបញ្ជាក់ថា គោលបំណង ចំនួន ៤ចំណុច សំខាន់ៗ ក្នុងនោះទី១. ផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ទី២. ផ្សព្វផ្សាយ និងពង្រឹង​សេវាការពារ​ក្តីជូនជ​នក្រីក្រដោយមិនយកកម្រៃ ទី៣. ផ្សព្វផ្សាយ​អំពីសេវាពិគ្រោះយោបល់​ដោយ​មិនគិតកម្រៃជូនប្រជាពលរដ្ឋនិងទី៤. បណ្តុះ​បណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យ​ព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។

ឯកឧត្តម ប្រធានគណៈមេធាវីបន្ថែមថា ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹង​មន្រ្តី​អាជ្ញាធរ​មូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិនេះ ពួកគាត់នឹងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែល​គណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់​កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី សូមគោរពថ្លែងអំណរគុណ ឯកឧត្តមអភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានគាំទ្រ​គម្រោង​មេធាវីដល់មូលដ្ឋាន ព្រមទាំងគោរពថ្លែងអំណរគុណ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរង នៃគណៈ​អភិបាលខេត្តកំពត ដែលបានចូលរួមជាគណៈអធិបតី ជួយសម្រួល និងគោរព​ថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ដែលផ្តល់កិច្ចសហការជាមួយគណៈមេធាវី៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner