អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងអំពាវនាវឱ្យមេឧទ្ទាមខុសច្បាប់ និងក្រុមឧទ្ទាមជ្រុលនិយមទាំងអស់បញ្ឈប់ការបំពុលព័ត៌មានកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ៖​ អតីតអ្នកតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា មេឧទ្ទាមខុសច្បាប់នៅក្រៅប្រទេស និងជាជនក្បត់ជាតិ ៣ជំនាន់ រួមទាំងក្រុមឧទ្ទាមជ្រុលនិយមទាំងអស់ តែងតែបំពុលព័ត៌មានពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) បង្កឱ្យមានចលាចល និងញុះញង់ឱ្យអ្នកគាំទ្រខ្លួនតវ៉ាប្រឆាំងរដ្ឋាភិបាល។ សូមបញ្ឈប់នៅអំពើទុច្ចរិតនយោបាយដែលតែងតែរិះរកគ្រប់វិធីសាស្ត្រដែលធ្វើឲ្យប្រទេសកម្ពុជានឹងអាចទៅជាការបង្ហូរឈាមមានសង្គ្រាមស៊ីវិលជាថ្មីទៀត។

តាមរយៈសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាសាក្សីបានថ្លែងតាមវិដេអូខិនហ្វ្រើរិនបញ្ជាក់ថា៖ “ខ្ញុំបាទជាសាក្សីដែលបានទៅចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) នៅប្រទេសឡាវ ជាមួយនឹងសម្តេច ហ៊ុន ណេង។ ខ្ញុំបាទជាតំណាងបក្សប្រឆាំងតែមួយរូបគត់បានជជែកការងាររាក់ជ្រៅ ហើយបានស្តាប់ដោយយកចិត្តទុកដាក់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)”។

លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) គឺពុំមានការកាត់ខេត្តណាមួយទៅខាងភាគីណាមួយទេ ហើយមិនដូចជាការលើកឡើងរបស់មេឧទ្ទាមខុសច្បាប់ និងជាជនក្បត់ជាតិ ៣ជំនាន់ និងក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលធ្វើឱ្យមានភាពចលាចលនោះទេ។ មេឧទ្ទាមខុសច្បាប់ និងជាជនក្បត់ជាតិ ៣ជំនាន់ តែងតែរវើរវាយចេះតែបង្កឱ្យអ្នកគាំទ្រទាមទារទាំងខុសច្បាប់។ រយៈពេលប៉ុន្មានថ្ងៃមកនេះ មានការបំពុលព័ត៌មាន CLV ។

លោក គង់ បូរ៉ា បានអះអាងថា លោកជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) ហើយសូមផ្តាំទៅមេឧទ្ទាមខុសច្បាប់នៅក្រៅប្រទេស និងក្រុមឧទ្ទាមជ្រុលនិយមទាំងអស់សូមគិតពីការអភិវឌ្ឍន៍ជាតិ។ សូមបញ្ឈប់នៅអំពើទុច្ចរិតនយោបាយដែលតែងតែរិះរកគ្រប់វិធីសាស្ត្រដែលធ្វើឲ្យប្រទេសកម្ពុជានឹងអាចទៅជាការបង្ហូរឈាមមានសង្គ្រាមស៊ីវិលជាថ្មីទៀត។

ចំណែកលោក កែវ ភារម្យ អតីតតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ នៃអតីតគណបក្សសង្គ្រោះជាតិ បានថ្លែងថា នៅក្នុងសភា គឺអតីតតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិ បានដឹងច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ -វៀតណាម (CLV) ហើយអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏បានដឹងទាំងអស់គ្នាដែរ ហើយអត់មានធ្វើអីទេ។ អ្វីដែលអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ថាអត់ដឹងរឿងនេះ គឺមិនពិតទេ គឺពួកគេដឹងទាំងអស់គ្នា។ លោក កែវ ភារម្យ បានលើកឡើងថា អ្វីដែលលោក អេង ឆៃអ៊ាង និងលោក ឡុង រី បាននិយាយថា មិនដឹងរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ -វៀតណាម គឺដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ វាអត់ប្រយោជន៍ទេ ធ្វើបាបប្រជាពលរដ្ឋអ្នករងគ្រោះ។

សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចអគ្គមហាសេនាបតីតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA ជាត្រីវិស័យ នៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជន នៃប្រទេសទាំងបី នៅលើដងវិថី នៃសន្តិភាពសន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។ តំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេសទាំង៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត ដូចជាខេត្ត កុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក ខណៈប្រទេសឡាវ មានចំនួន ៤ខេត្ត ដូចជាខេត្ត អាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់ និងកម្ពុជា មានចំនួន៤ខេត្ត គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA នៃប្រទេសទាំង៣ ជាតំបន់ ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឲ្យមានការផ្លាស់ប្តូរក្នុងការតភ្ជាប់តំបន់របស់យើងឲ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕
ដោយ៖ពលជ័យ

ads banner