រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូង ចាប់ផ្តើមសាងសង់នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនហ្សូម៉ូធ័រ ខេមបូឌា ឯ.ក កាលពីថ្ងៃអាទិត្យទី១៨ ខែសីហា ឆ្នាំ២០២៤ នៅស្រុកក្រគរខេត្ត ពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់បានគូសបញ្ជាក់ថា ជិតមួយឆ្នាំ នៃការចូលកាន់តំណែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ការអភិវឌ្ឍត្រូវបានជំរុញ ។ក្នុងនោះ ក៏មានខេត្តពោធិ៍សាត់មួយផងដែរ ដែលទទួលបាននូវសមិទ្ធផលថ្មីជួយលើកកម្ពស់សេដ្ឋកិច្ច ។ការទាក់ទាញអ្នកវិនិយោគមកបោះទីតាំងរោងចក្រដំឡើង និងផលិតជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកក្រគរ ដែលផ្តល់ឱកាសការងារជាច្រើនកន្លែងជូនប្រជាពលរដ្ឋ ។

ពាក់ព័ន្ធនឹងសមិទ្ធិថ្មីដែលកំពុងចាប់ផ្តើម ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្នខេត្តមានរោងចក្រ សហគ្រាសនិងក្រុមហ៊ុន ឯកជនមានចំនួន៣១៥កន្លែង ដែលបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្តបានយ៉ាងច្រើនកន្លែង ។ ឯកឧត្តម សង្ឈឹមជឿជាក់ថា ក្រុមហ៊ុនហ្សូម៉ូធ័រមួយនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ជាមួយខេត្តពោធិ៍សាត់ ដើម្បីជួយលើកម្ពស់សុខមាលភាព និងជីវភាពប្រជាពលរដ្ឋបានមួយចំណែកថែមទៀត ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមទៅលើអ្វីដែលឯកឧត្តម ខូយ រីដា បានលើកឡើង ឯកឧត្តម កែវ រតនៈ បានបន្តថា រោងចក្រដំឡើងរថយន្តអគ្គិសនីដែលកំពុងបុកគ្រឹះសាងសង់នៅលើទឹកដីខេត្ត ពោធិ៍សាត់នេះ មិនមែនជារោងចក្រទី១របស់កម្ពុជាទេ តែរោងចក្រនេះ គឺជារោងចក្រទី១ដែលដំឡើងរថយន្តដើរដោយអគ្គិសនី មិនប្រើប្រាស់ប្រេងមួយដំណក់ ដែលជួយដល់ការមិនបំពុលបរិស្ថាន និងជួយដល់សេដ្ឋកិច្ចអ្នកប្រើប្រាស់ ព្រោះរថយន្តទាំងអស់ដែលដំឡើងនៅទីនេះ មានរថយន្តសម្រាប់ជិះលក្ខណៈគ្រួសារនិងរថយន្តដឹកជញ្ជូនធនធំៗផងដែរ។

ឯកឧត្តម កែវ រតនៈ បន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត លោកខិតខំណាស់ លើការងារអភិវឌ្ឍបន្តនូវហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ មាន វិស័យអប់រំ សុខាភិបាល អគ្គិសនី ទូរគមនាគមន៍។ល។ ដើម្បីប្រទាក់ក្រឡាគ្នា ជំរុញដល់ការអភិវឌ្ឍប្រទេសឱ្យទៅដល់មួយកម្រិតទៀត ដែលយើងទាំងអស់គ្នាចង់បាន។នោះ គឺអនាគត ដែលល្អជាងបច្ចុប្បន្នច្រើន តែយើងត្រូវចូលរួមជួយទាំងអស់គ្នា។

សូមជម្រាបថា ខេត្តពោធិ៍សាត់ជាប៉ូលសេដ្ឋកិច្ចទី៤ ដែលជាមូលដ្ឋានជំរុញសេដ្ឋកិច្ចកម្ពុជាឈានឡើងឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០២៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
រូបភាពៈ ងីម ឆៃហួត
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner