ក្រសួងការងារ ចុះអនុស្សរណៈជាមួយសមាគមសិល្បករខ្មែរជំរុញការ ផ្សព្វផ្សាយស្តីពី​វិស័យការងារ ឱ្យកាន់តែទូលំទូលាយ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិ​សុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ ។

អនុស្សរណៈដែលមានរយៈពេល៤ឆ្នាំនេះ មានគោលបំណង​ដើម្បីជំរុញការផ្សព្វផ្សាយ​ដល់សាធារណជន និងការបញ្ជ្រាបការយល់ដឹងដល់សាធារណជនលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ព័ត៌មានទីផ្សារការងារ ព័ត៌មានស្តីពី​ទេសន្តរប្រវេសន៍ការងារ ការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ កម្មវិធីអប់រំបណ្តុះប​ណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។

ឯកឧត្តម ហេង សួរ ជឿជាក់ថា អនុស្សរណៈដែលភាគីទាំងពីរចុះហត្ថលេខានាពេលនេះ នឹងជួយជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែផុសផុលលើកម្មវិធីគោលនយោបាយ និង​យុទ្ធ​សាស្ត្ររបស់ក្រសួងបន្ថែមទៀតតាមរយៈសមាគមសិល្បករខ្មែរដ៏មាន​ប្រជាប្រិយ​ភាព និងឥទ្ធិពលក្នុងសង្គម។ លើសពីនេះ អនុស្សរណៈ ក៏នឹងផ្តល់ឱកាសដល់​ក្រុម​គ្រួសារ​របស់​សិល្បករដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈដោយឥតគិតថ្លៃ និងដើម្បីជួយពង្រឹងជីវភាពនៃក្រុមគ្រួសារសិល្បករបន្ថែម​ទៀតផងដែរ ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យសិល្បករជួយផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជា​ជីវៈ កម្មវិធីថែទាំសុខភាពតាមរយៈភាគទានស្ម័គ្រចិត្ត និងការចូលរួម​ប្រយុទ្ធប្រឆាំង​ចំ​ពោះ​ពលកម្មកុមារគ្រប់ទម្រង់ជាដើម ដែលជាសកម្មភាពមនុស្សធម៌ដែលគ្រប់​កោសិកា​សង្គមត្រូវចូលរួម។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីកម្មវិធី និងគោលនយោបាយនានា​របស់​ក្រសួងឱ្យកាន់តែទូលំទូលាយបន្ថែមដើម្បីសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner