សេដ្ឋវិទូ ៖ ថៃនឹងមិនកាត់បន្ថយអត្រាការប្រាក់ ដល់ឆ្នាំក្រោយ
បាងកក៖ ការស្ទង់មតិរបស់ Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទបានឲ្យដឹងថា អំឡុងការប្រែប្រួលនយោបាយនៅប្រទេសថៃ ធនាគារកណ្តាលថៃ ហៅកាត់ BOT នឹងបន្តរក្សាអត្រាការប្រាក់ ២.៥ភាគរយ នៅថ្ងៃពុធ សប្តាហ៍នេះ ហើយ បន្តរហូតដល់ឆ្នាំ២០២៥ ខណៈពេលដែលការវាយតម្លៃពីផលប៉ះពាល់នៃអស្ថិរភាពនយោបាយ កំពុងបន្តមាន លើសេដ្ឋកិច្ចជាតិ។
ស្របពេលដែលអតិផរណា ស្ថិតនៅកម្រិត ០.៨៣ ភាគរយ ក្នុងខែកក្កដា ដែលជាកម្រិតក្រោមការព្យាករណ៍របស់ BOT ដែលថា មានពី ១ ទៅ៣ភាគរយនោះ ទេសាភិបាលធនាគារថៃ លោក Sethaput Suthiwartnaruput បាននិយាយថា អត្រាការប្រាក់បច្ចុប្បន្ន គឺសមរម្យ ហើយមិនចាំបាច់កាត់បន្ថយទេ ទោះបីជាមានការអំពាវនាវ ម្តងហើយម្តងទៀត របស់រដ្ឋាភិបាល ឲ្យកាត់បន្ថយអត្រាការប្រាក់ ក៏ដោយ។
ជាមួយនឹងភាពមិនច្បាស់លាស់ខាងនយោបាយ កាន់តែខ្លាំងឡើង បន្ទាប់ពីការបណ្តេញនាយករដ្ឋមន្ត្រីSrettha ធនាគារកណ្តាលថៃ ដែលពីមុនបានខ្វែងគំនិតជាមួយ រដ្ឋាភិបាលរបស់លោក Srettha ដែលចង់ជុំវិញការផ្តល់សាច់ប្រាក់ តាមរយៈការកាត់បន្ថយអត្រាការប្រាក់ ដោះស្រាយបំណុលគ្រួសារខ្ពស់ នឹងនៅតែស្ថិតក្នុងដំណាក់កាល រង់ចាំមើល ដើម្បីវាយតម្លៃផលប៉ះពាល់ លើសេដ្ឋកិច្ច មុនពេលសម្រេចថា តើត្រូវកាត់បន្ថយអត្រាការប្រាក់ ឬ យ៉ាងណា។
សភារបស់ប្រទេសថៃ បានបោះឆ្នោតជ្រើសរើស លោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រី វ័យក្មេងបំផុតរបស់ថៃ កាលពីថ្ងៃសុក្រ ដែលជាកូនស្រី របស់លោក Thaksin Shinawatra ដែលគេជឿថា មានទម្ងន់ធ្ងន់ ផ្នែកនយោបាយ។
ប៉ុន្តែ អ្នកសេដ្ឋកិច្ចកំពូលៗ ទាំង៣ ក្នុងចំណោម ២៧នាក់ នៅក្នុងការស្ទង់មតិរបស់ Reuters ចន្លោះពីថ្ងៃទី ៨ ដល់១៦ ខែសីហា បានព្យាករណ៍ថា BOT នឹងបន្តរក្សា អត្រាការប្រាក់ដដែល មិនផ្លាស់ប្តូរ គឺ២.៥ភាគរយ ដដែល។
លោក Khoon Goh ប្រធានផ្នែកស្រាវជ្រាវអាស៊ី របស់ធនាគារ ANZ បានសរសេរថា «យើងមិនរំពឹងថា នឹងមានការផ្លាស់ប្តូរអត្រាគោលនយោបាយ ណាមួយទេ។ ប្រសិនបើភាពស្ងប់ស្ងាត់ផ្នែកនយោបាយ BOT ទំនងជានឹងរក្សាអត្រាគោលនយោបាយរបស់ខ្លួន រហូតដល់ឆ្នាំ២០២៤ មុនពេល អាចឈានដល់ការកាត់បន្ថយអត្រាការប្រាក់ តិចតួច នៅពាក់កណ្តាលឆ្នាំ២០២៥»។
លោក Eugene Tan សេដ្ឋវិទូរង នៅស្ថាប័នវិភាគ Moody’s Analytics បានសរសេរថា «មិនអាច BOT នឹងបន្ធូរបន្ថយ ឬ កាត់បន្ថយអត្រាការប្រាក់ មុនកាលកំណត់របស់ធនាគារកណ្តាលអាមេរិក នោះទេ។ បើការបន្ធូរបន្ថយអត្រាការប្រាក់ ព្រមជាមួយនឹងធនាគាកណ្តាលអាមេរិកនោះ BOT អាចជៀសវាងការដាក់សម្ពាធបន្ថែម លើប្រាក់បាត»។
លោកស្រី Lavanya Venkateswaran សេដ្ឋវិទូជាន់ខ្ពស់ នៅក្រុមហ៊ុនសេវាហិរញ្ញវត្ថុ និងធនាគារ OCBC ប្រចាំតំបន់អាស៊ាន បានប្រាប់ដែរថា ធនាគារកណ្តាលថៃ ពិតជាមិនមានហេតុផលច្រើន ក្នុងការកែសម្រួលគោលជំហរគោលនយោបាយ របស់ខ្លួននោះទេ។
«ទោះយ៉ាងណាក៏ដោយ ដោយសារស្ថានភាពនេះ យើងនឹងតាមដានហានិភ័យ … ជាពិសេស ប្រសិនបើភាពមិនច្បាស់លាស់ខាងនយោបាយ អូសបន្លាយពេល ហើយការបន្តគោលនយោបាយ ដែលយើងព្យាករណ៍ថា នឹងមិនក្លាយ ជាការពិត»។ លោកស្រី Venkateswaran រំពឹងថា នឹងមិនមានការផ្លាស់ប្តូរអត្រាការប្រាក់ រហូតដល់ចុងឆ្នាំ២០២៥៕
ប្រែសម្រួល៖ សារ៉ាត