ដែនជម្រកសត្វព្រៃលំផាត់ មានសត្វត្រយ៉ងយក្ស រស់នៅយ៉ាងតិច ១១ភាគរយ នៃចំនួនសត្វត្រយ៉ងយក្សក្នុងពិភពលោក
ភ្នំពេញ៖ សត្វត្រយ៉ងយក្ស ឬ អ្នកសហគមន៍មូលដ្ឋាន ហៅថា ឬឪលើក ជាសត្វស្លាបតំណាងប្រទេសកម្ពុជានិង ជាសត្វរងគ្រោះបំផុតនៅលើពិភពលោក។
តាមការប៉ាន់ប្រមាណកន្លងមកកម្ពុជាមានចំនួនប្រមាណ ៣០០ ក្បាលស្មើនឹង ៩៩% នៃសត្វត្រយ៉ងយក្សរបស់ពិភពលោកក្នុងនោះសត្វត្រយ៉ងយក្សពេញវ័យមានក្រោម ២០០ ក្បាល។
ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងថា ៖ «ដែនជម្រកសត្វព្រៃលំផាត់មានសត្វត្រយងយក្សរស់នៅយ៉ាងហោចណាស់ ១១ភាគរយ នៃចំនួនសត្វត្រយងយក្សសរុបក្នុងពិភពលោក។ ដោយផ្អែកលើលទ្ធផលនៃការធ្វើជំរឿនរបស់យើង ដែលធ្វើឡើងនៅដើមឆ្នាំនេះ យើងបានរកឃើញចំនួនសត្វត្រយងយក្សយ៉ាងហោចណាស់ចំនួន ៣៣ ក្បាល ដែលចំនួននេះមានស្ថិរភាពបើប្រៀបធៀបទៅនឹងព័ត៌មានមូលដ្ឋានឆ្នាំ ២០១៩។
លោក ប៊ូ វរសក្ស នាយកប្រតិបត្តិរបស់អង្គការជីវិតធម្មជាតិកម្ពុជាបានឱ្យដឹងថា លំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វបក្សីដ៏កម្រមួយនេះ និងមានបណ្តុំសត្វត្រយងយក្សជ្រកកោនច្រើនបំផុតមួយនៅក្នុងពិភពលោក»។
ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងដែរថា ជំរឿនសត្វត្រយ៉ងយក្សឆ្នាំ ២០២៤ នៅស្រុកលំផាត់ បានប្រើវិធីសាស្ត្រស្តង់ដាមួយ ក្នុងការវាស់ស្ទង់និន្នាការចំនួនសត្វប្រភេទជិតផុតពូជបំផុតមួយនេះ ដើម្បីត្រួសត្រាយផ្លូវដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ ជំរឿននេះគឺជាផ្នែកមួយនៃគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដែលគាំទ្រដោយ USAID មរតកបៃតង ធ្វើការឆ្ពោះទៅរកការបង្កើតឥណទានកាបូនដោយកាត់បន្ថយការកាប់បំផ្លាញ និងការបាត់បង់ព្រៃឈើ៕
ដោយ ៖ ម៉ាដេប៉ូ