រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ស្វាគមន៍ចំពោះវិនិយោគិនបរទេស ក្នុងការវិនិយោគការអភិវឌ្ឍន៍ និងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ចំពោះវិនិយោគិនបរទេស ក្នុងការវិនិយោគការអភិវឌ្ឍន៍ និងការអនុវត្តគម្រោងឥណទានកាបូនក្នុងប្រទេសកម្ពុជា តាមរយៈចំការស្វាយចន្ទី កៅស៊ូ ព្រៃលិចទឹក និងកសិដ្ឋានចិញ្ចឹមជ្រូក។
គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ឯកឧត្តម ឌិត ទីណា បែបនេះធ្វើឡើង ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាលទទួលការងារវិនិយោគរបស់បរទេស និងទំនាក់ទំនងអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិនិយោគិនបរទេសសិក្សាឱ្យបានស៊ីជម្រៅ មានផែនការសកម្មភាពច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាព ទាំងសេដ្ឋកិច្ចនិងបរិស្ថាន។
ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញផ្លូវផងដែរដល់ វិនិយោគិនអាចសហការជាមួយសហគមន៍កសិកម្មទំនើប ដោយបញ្ជ្រាបបនូវបច្ចេកវិទ្យាសមស្របពាក់ព័ន្ធនឹងការងារឥណទានកាបូន និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕
ដោយ៖ម៉ាដេប៉ូ