កម្ពុជា និងឥណ្ឌូណេស៊ី នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់​កិច្ចសហប្រតិ​បត្តិការទ្វេភាគី

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលទទួលបាននាថ្ងៃទី​១៩សីហា បានឱ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៥ នៃគណៈ​កម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Retno L.P. Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី​នឹងធ្វើជា​សហប្រធាននៃកិច្ចប្រជុំនេះ។

កិច្ចប្រជុំ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពសំខាន់ៗដែលសម្រេចបានបន្ទាប់ពីកិច្ចប្រជុំ JCBC លើកទី៤ នៅរដ្ឋធានីហ្សារកាតា និងកំណត់ទិសដៅអនាគត​ដើម្បីជំរុញ​បន្ថែម​ទៀតនូវទំនាក់ទំនងដ៏ យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រីកកិច្ច​សហប្រតិ​បត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅ វិញទៅមក។

រដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅអំពីគោលដៅក្នុងការធ្វើឱ្យកាន់តែទូលំទូលាយ បន្ថែម​ទៀតនូវទំនាក់ទំនងដែលកំពុងរីកចម្រើនលើគ្រប់វិស័យ ដូចជា ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ សុខាភិបាល ការងារ បរិស្ថាន ដឹកជញ្ជូន ទេសចរណ៍ វប្បធម៌ និងសហប្រតិបត្តិការ នយោបាយ-សន្តិសុខ។ ការវិវឌ្ឍក្នុងតំបន់ និងបញ្ហាអន្តរជាតិ​ដែលជាកង្វល់ និងជាផលប្រយោជន៍ រួម ក៏នឹងត្រូវលើកយកមកពិភាក្សាក្នុង​កិច្ចប្រជុំផងដែរ។

គួរកត់សម្គាល់ថា កិច្ចប្រជុំ JCBC លើកទី៥នេះ ធ្វើឡើងស្របពេលនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកជំទាវ Retno L.P. Marsudi គ្រោងនឹងចូលជួបសម្តែង ការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner