ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា
សៀមរាប៖ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ជាកម្មវិធីមួយ ដូចនឹងកម្មវិធីបាគង ដែលបាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ ។ ចំពោះកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourlst App» នឹងផ្ដល់លទ្ធភាពឲ្យទេសចរអាចប្រើប្រាស់ និងមានបទពិសោធន៍ថ្មី នៅពេលដែលពួកគាត់ចូលមកដល់ប្រទេសកម្ពុជា និងសម្រួលដល់ការចាយវាយក្រដាស់ប្រាក់សុទ្ធ។
លោកជំទាវបណ្ឌិត បានបន្តថា ការដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» មានគោលបំណងលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា ដោយអាចធ្វើការទាញយក កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist App) និងចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ ហើយបន្ទាប់មកអាចបញ្ចូលទឹកប្រាក់ ក្នុងគណនីបាគងជាការស្រេច ។ ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិ ដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន ។ ការណ៍នេះ នឹងកាត់បន្ថយបញ្ហាលំបាក ដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់សាច់ប្រាក់ ដោយគ្រាន់តែធ្វើការស្កេនទូទាត់នៅតាមហាងទំនិញប្រមាណ ៣.៣លានទីតាំង ដែលមានសញ្ញា KHQR code ។
លោកជំទាវ ជា សិរី បានបន្ថែមថា សមិទ្ធផលដែលសម្រេចខាងលើនេះ អាស្រ័យដោយធនាគារជាតិនៃកម្ពុជា បានអនុវត្តកម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់លើវិស័យធនាគារ និងស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស ក្រោមការយកចិត្តទុកដាក់ ការផ្តល់អនុសាសន៍ដ៏ឧត្តុង្គឧត្តមប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។
លោកជំទាវបណ្ឌិត បានឱ្យដឹងទៀតថា បច្ចុប្បន្ន ពេលទេសចរចូលមកកម្ពុជាភាគច្រើនគឺ ប្រើប្រាស់ក្រេឌីតកាតដូចជា វីសារកាតជាដើម ប៉ុន្ដែកន្លែងខ្លះ មិនអាចប្រើប្រាស់ក្រេឌីតកាតបានទេ ដូច្នេះប្រសិនបើមិនអាចប្រើប្រាស់ក្រេឌីតកាតបាន នោះនឹងមានការប្រើប្រាស់នូវក្រដាសប្រាក់សុទ្ធ។ មែនទែនទៅ ការចាយតាមក្រេឌីតកាត ក៏ជាឧបសគ្គ ចំណែកការចាយក្រដាស់ប្រាក់ក៏ជាឧបសគ្គ ព្រោះយើងត្រូវជម្រើសយកគុណភាពបន្ដិចលើក្រដាសប្រាក់ ដែលនាំឲ្យមានការលំបាកក្នុងការចាយវាយ ។
លោកជំទាវទេសាភិបាល ជឿជាក់ថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្តល់នូវបទពិសោធ ក្នុងការទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។
សូមរំលឹកដែរថា ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តារធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច ។ សម្តេច បញ្ជាក់ថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជា ប៉ះពាល់អារម្មណ៍ ហើយករណីនេះ ជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត