ទូតកូរ៉េខាងជើង កោតសរសើរការរីកចម្រើនរបស់កម្ពុជា

ភ្នំពេញ៖ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណ​រដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានរំឮក​ពីទំនាក់ទំនងដ៏យូរអង្វែង រវាងសាធារណរដ្ឋប្រជាមានិត​ប្រជាធិប​តេយ្យកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលបានពូនជ្រំដោយឯកឧត្តម គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ សម្តេច​ព្រះនរោត្ដម សីហនុ ។

ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមាន​សន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ សីហា ឆ្នាំ២០២៤ ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណ​រដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរំលឹកទៀតថាដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការ​បង្កើតទំនាក់​ទំនងការទូត រវាងប្រទេសទាំងពីរ ឯកឧត្តមប្តេជ្ញាចិត្ត​ក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរបន្ថែមទៀត ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះការរីកចម្រើន យ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការ​ក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់​សម្ដេចធិបតី។

ក្នុងសវនាការនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការ​រក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រម​ទាំងបានលើកទឹកចិត្តឯកឧត្តម ឯកអគ្គរដ្ឋទូត ឱ្យបន្តធ្វើការ​ងារ​ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ បាន ចាប់ ផ្តើម នៅ ឆ្នាំ១៩៦៥ នៅ ពេលដែលព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានជួបឯកឧត្តម គីម អ៊ីលសុង នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ។

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner