ចិន និងវៀតណាមប្តេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី

ប៉េកាំង៖ ប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីវៀតណាម លោក To Lam កាលពីថ្ងៃចន្ទ បានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរួមគ្នាដឹកនាំការអភិវឌ្ឍសហគមន៍ចិន-វៀតណាមជាមួយអនាគតរួមគ្នា។

មេដឹកនាំកំពូលថ្មីរបស់វៀតណាម លោក To Lam បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្តរបស់ប្រទេសវៀតណាម។

លោក Xi បានស្វាគមន៍លោក Lam ជាមួយនឹងក្បួនព្យុហយាត្រាយោធានៅខាងក្រៅមហាសាលប្រជាជន មុនពេលលោកទាំងពីរពិភាក្សាគ្នា និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការនៅអគាររដ្ឋនៃទីលានធានអានមិន។

នាឱកាសនោះដែរ លោក Xi បានប្រាប់លោក Lam ថា ក្នុងនាមជាបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចទាំងពីរនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ចិន និងវៀតណាមគួរតែរក្សាស្មារតីដើមនៃមិត្តភាព និងបន្តមិត្តភាពប្រពៃណី។

លោក Xi បន្តថា ប្រសិនបើប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់បុព្វហេតុ នៃសង្គមនិយមពិភពលោក នោះយើងជឿជាក់ថា ផ្លូវរបស់យើងនឹងកាន់តែទូលំទូលាយ។

រីឯលោក Lam បានថ្លែងសរសើរលោក Xi ដែលបានដឹកនាំចិនឱ្យក្លាយទៅជាប្រទេសដ៏រឹងមាំ និងវិបុលភាព ហើយថែមទាំងបានសរសើរលោក Xi ចំពោះការដឹកនាំប្រទេសចិន ឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

សូមរម្លឹកថា កាលពីខែធ្នូឆ្នាំមុន ចិន និងវៀតណាមបានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ នៅពេលដែលលោក Xi បានទៅទស្សនកិច្ចប្រទេសវៀតណាមជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ។

ដំណើរទស្សនកិច្ចកាលនោះ កើតឡើងបន្ទាប់ពីវៀតណាម និងសហរដ្ឋអាមេរិកបានបង្កើនទំនាក់ទំនងការទូត ក្នុងអំឡុងពេលប្រធានាធិបតីអាមេរិក លោក Joe Biden មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងខែកញ្ញា។

វៀតណាមបានបន្តវិធីសាស្រ្ត “ការទូតឬស្សី” ជាយូរយារណាស់មកហើយ ដោយបានព្យាយាមរក្សាទំនាក់ទំនងល្អ ទាំងជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner