ផ្ទុះការតវ៉ាប្រឆាំងសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក

សេអ៊ូល៖ ប្រជាជនកូរ៉េខាងត្បូងបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដើម្បីសម្តែងការប្រឆាំងនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងប្រទេសរបស់ពួកគេ ជាមួយនឹងសហរដ្ឋអាមេរិក។

ប្រជាជនកូរ៉េខាងត្បូងមួយក្រុមតូច ក្នុងទឹកមុខពោលពេញដោយភ្លើងកំហឹង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ការជួបជុំតវ៉ានេះ រៀបចំដោយក្រុម SPARK ជាមួយនឹងការសរសេរនៅលើផ្ទាំងបដាមានន័យថា (សាមគ្គីភាពដើម្បីសន្តិភាព និងការបង្រួបបង្រួមកូរ៉េ) ដែលនេះជាយុទ្ធនាការមួយ ប្រឆាំងនឹងវត្តមានយោធាអាមេរិកនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង។

នាង Oh Mi-jeong ជាបាតុករ និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសន្តិភាព និងការបង្រួបបង្រួមកូរ៉េ បាននិយាយថា ការហ្វឹកហ្វឺនយោធារួមគ្នារវាងកូរ៉េខាងត្បូង-អាមេរិក នឹងអូសទាញប្រទេសទាំងពីរធ្លាក់ចូលទៅក្នុងសង្រ្គាមនុយក្លេអ៊ែរសកល។ ដូច្នេះការបញ្ឈប់សមយុទ្ធ Ulchi Freedom Shield គឺជាសំឡេងនៃសន្តិភាពដែលមនុស្សជាតិប្រាថ្នាក់ចង់បាន ហើយនោះគួរតែចាប់ផ្តើមនៅលើឧបទ្វីបកូរ៉េរបស់យើង។

បាតុកម្មនេះកើតឡើងបន្ទាប់ពីទីក្រុងសេអ៊ូលបានប្រកាសថា អាមេរិក-កូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដ៏សំខាន់ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជាមួយនឹងការហាត់ហ្វឹកហ្វឺនថ្មីៗ ដែលមានគោលបំណងទប់ទល់នឹងការវាយប្រហារពីកូរ៉េខាងជើង ជាប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរ រួមទាំងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតជាដើម។

បើតាមការបញ្ជាក់ពីនាយសេនាធិការចម្រុះកូរ៉េខាងត្បូង សមយុទ្ធ Ulchi Freedom Shield នឹងដំណើរការរហូតដល់ថ្ងៃទី២៩ ខែសីហាខាងមុខ ហើយសមយុទ្ធនេះទៀតសោត នឹងជួយបង្កើនសមត្ថភាពរបស់កងម្លាំងសម្ព័ន្ធមិត្ត ដើម្បីរារាំង ក៏ដូចជាការពារប្រឆាំងនឹងអាវុធប្រល័យលោក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner