បេឡារុសព្រមានថា អ៊ុយក្រែនកំពុងជំរុញរុស្ស៊ីឱ្យប្រើអាវុធនុយក្លេអ៊ែរ

មីនស្កិ៍៖ មេដឹកនាំបេឡារុសបានថ្លែងអះអាងថា ការវាយលុករបស់អ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៊ី គឺប្រៀបដូចជាការប៉ុនប៉ងបង្ខំរុស្ស៊ីឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ពិភពលោកទាំងមូល។

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ បានថ្លែងព្រមាននៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Russia-1 កាលពីថ្ងៃអាទិត្យថា ការវាយលុករុស្ស៊ីពីសំណាក់អ៊ុយក្រែននៅតំបន់ Kursk បានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក ហើយថា គ្រោះថ្នាក់ធំនឹងកើតឡើង បើសិនរុស្ស៊ីសងសឹកអ៊ុយក្រែនវិញ ដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

លោក លូកាសិនកូ បានសង្កត់ធ្ងន់ថា មានតែមន្ត្រីជាន់ខ្ពស់នៅអាមេរិកប៉ុណ្ណោះ ដែលចង់ឱ្យសង្គ្រាមនេះអូសបន្លាយពេល និងថា លោកខាងលិចចង់ឱ្យអ៊ុយក្រែនបន្តប្រយុទ្ធ ព្រោះគេចង់ឱ្យអ៊ុយក្រែន និងរុស្ស៊ីបំផ្លាញគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ប្រធានាធិបតីបេឡារុសរូបនេះ ក៏បានជំរុញឱ្យអ៊ុយក្រែន និងរុស្ស៊ីចរចាគ្នាលើកិច្ចព្រមព្រៀងសន្តិភាពផងដែរ។
ទោះបីជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងឱកាសជាច្រើនកន្លងមកថា មិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរនៅក្នុងប្រតិបត្តិយោធាពិសេសនៅអ៊ុយក្រែនទេ។

ប៉ុន្តែរុស្ស៊ីក៏បានព្រមានផងដែរថា ខ្លួនអាចនឹងផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនយល់ថា ជាការពង្រីកឥទ្ធិពលរបស់អង្គការណាតូ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner