កម្មសិក្សាការីអន្ដរជាតិចំនួន៤រូប នៅក្នុងមជ្ឈមណ្ឌលធនធានរបស់សាលាក្ដីខ្មែរក្រហម ធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវបញ្ចប់ការងារហាត់ការ
(ភ្នំពេញ)៖កម្មសិក្សាការីអន្ដរជាតិចំនួន៤រូប ដែលបានបំពេញការងារជាអ្នកហាត់ការនៅក្នុងមជ្ឈមណ្ឌលធនធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្ដីខ្មែរក្រហម កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤កន្លងមកបានធ្វើបទបង្ហាញអំពីលទ្ធផលស្រាវជ្រាវរបស់ពួកគេជូនបុគ្គលិកនៅ អ.វ.ត.ក. និងនិស្សិតប្រមាន ៤០រូប មកពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)។
គួរបញ្ជាក់ថាកម្មសិក្សាការីអន្ដរជាតិទាំង៤រូបនោះដូចជា៖ កញ្ញា Ambre Abrahami, កម្មសិក្សាការីមកពីប្រទេសបារាំង បានធ្វើបទបង្ហាញអំពី ការអនុវត្តយុត្តិធម៌អន្តរកាលនៅកម្ពុជាក្រោយរបបខ្មែរក្រហម៖ អ.វ.ត.ក: យន្តការគណនេយ្យភាពដ៏ត្រឹមត្រូវ។ លោក Jonathan Formella, កម្មសិក្សាការីមកពីសហរដ្ឋអាមេរិក បានធ្វើបទបង្ហាញលើប្រធានបទស្ដីពី មនោគមន៍វិជ្ជានយោបាយ និងការជះឥទ្ធិពលរបស់វាទៅលើភាពរីកចម្រើននៃច្បាប់កម្ពុជា។
លោក Nicholas Lower កម្មសិក្សាការីមកពីសហរដ្ឋអាមេរិក ធ្វើបទបង្ហាញលើប្រធានបទស្ដីពី ផ្លូវបំបែកនៃអំពើប្រល័យពូជសាសន៍៖ ការកំណត់អត្តសញ្ញាណក្រុមដែលត្រូវបានការពារ តាមរយៈការបែងចែកជាពីរនៃការធ្វើតេស្តបែបអត្តនោម័ត និងសត្យានុម័ត ដោយភ្ជាប់ជាមួយនូវ “ការពន្យល់ពាក្យពេចន៍ឱ្យបានច្បាស់លាស់”។កញ្ញា Charlotte Imhof កម្មសិក្សាការីមកពីប្រទេសស្វីស ធ្វើបទបង្ហាញលើប្រធានបទស្ដីពីការកេងប្រវ័ញ្ចលើជនងាយរងគ្រោះក្នុងរបបខ្មែរក្រហមក្នុងពន្លឺនៃច្បាប់មនុស្សធម៌អន្ដរជាតិ។
បើតាមកម្មសិក្សាការីដែលបានធ្វើបទបង្ហាញម្នាក់ៗបានលើកឡើថា ក្នុងរយៈពេលបំពេញការងារនៅ អ.វ.ត.ក. ពួកគេបានទទួលបទពិសោធន៍ល្អៗពីដំណើរការជំនុំជម្រះក្ដីនៅក្នុងតុលាការនេះ និងទទួលបានចំណេះដឹងច្រើនទាក់ទងនឹងប្រវត្តិសាស្ដ្ររបស់កម្ពុជា។ កម្មសិក្សាការីទាំងនេះបន្ថែមថា បទពិសោធន៍ការងារដែលពួកគេទទួលបាននេះ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់ការងាររបស់ពួកគេនៅពេលអនាគត់ ហើយពួកគេជម្រុញឱ្យនិស្សិតកម្ពុជាគួរមករៀនសូត្រនៅទីនេះ និងចែករំលែកបទពិសោធន៍នេះទៅនិស្សិតអន្ដរជាតិផងដែរ។
ទាក់ទិនក្នុងរឿងនេះឯកឧត្តម ថោង សុជាតិ មន្ដ្រីគ្រប់គ្រងជាន់ខ្ពស់នៅ អ.វ.ត.ក. បានថ្លែងអំណរអរគុណដល់និស្សិតទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមការងារហាត់ការនៅ អ.វ.ត.ក. និងទទួលបានលទ្ធផលជោគជ័យក្នុងកិច្ចការស្រាវជ្រាវរបស់ពួកគេ។
ជាមួយគ្នានេះ ឯកឧត្ដមបានសាទរចំពោះភាជោគជ័យនេះ ដោយបញ្ជាក់ថា តាមរយៈបទពិសោធន៍ចូលរួមអនុវត្តការងារនៅ អ.វ.ត.ក. នេះ នឹងផ្ដល់ជូននិស្សិតទាំងអស់នូវមេរៀនយ៉ាងល្អដើម្បីពង្រឹងសមត្ថភាពការងាររបស់ពួកគេនៅពេលអនាគត់។
ឯកឧត្តម ថោង សុជាតិ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីបញ្ចប់ដំណើរការនីតិវិធីនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ និងក្នុងអំឡុងពេលអនុវត្តមុខងារនៅសល់ អ.វ.ត.ក. ផ្តល់ឱកាសដល់និស្សិតថ្នាក់បរិញ្ញាបត្រជាតិ ឬអន្តរជាតិ ចាប់ពីឆ្នាំទី២ឡើងទៅ ក្នុងវិស័យផ្សេងៗ អាចចូលរួមហាត់ការនៅក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មាន (ICT) ផ្នែកផ្សព្វផ្សាយ ផ្នែកបណ្ណសារ និងផ្នែកអង្គជំនុំជម្រះតុលាការកំពូល។
ក្រៅពីអនុវត្តការងារជាក់ស្ដែង កម្មសិក្សាទាំងអស់នឹងទទួលបានការបណ្ដុះបណ្ដាល បន្ថែមទាក់ទងនឹងការស្រាវជ្រាវលើប្រធានបទជាក់លាក់ណាមួយ ដែលពួកគេ ចាប់ អារម្មណ៍ ស្វែងយល់អំពីការអនុវត្តច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សវនាការត្រាប់ នីតិវិធីតុលាការ មុខងារសេសសល់ក្រោយបញ្ចប់ដំណើរការនីតិវិធីតុលាការ និងការអនុវត្តការងារជាក់ស្ដែងនៅក្នុងអង្គភាពពាក់ព័ន្ធនៃ អ.វ.ត.ក.៕
ដោយ៖ម៉ាដេប៉ូ