អាជ្ញាធរ និងតំណាងដៃគូម្ចាស់គម្រោង ចុះស្វែងយល់បន្ថែមទីលានទុកដាក់សំរាមក្រុងបាត់ដំបង
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងរួមជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីឬអេឌីប៊ី(ADB) ,តំណាង ដៃគូគម្រោង និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអញ្ជើញពិនិត្យស្វែងយល់បន្ថែមទីលានទុកដាក់សំរាមក្រុងបាត់ដំបង ស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងឱកាសអញ្ជើញចុះផ្ទាល់កាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០២៤គណៈប្រតិភូបានស្តាប់និងទស្សនាបទបង្ហាញពីវឌ្ឍនភាព នៃគម្រោងដែលបានឆ្លុះបញ្ចាំងពីសមិទ្ធកម្មនានារបស់គម្រោងមួយនេះ។
សូមជម្រាបថា ទីលានទុកដាក់សំរាមក្រុងបាត់ដំបង ស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ទីលាននេះត្រូវ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែមីនាឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។គម្រោងនេះសាងសង់នៅលើផ្ទៃដីជាង២០ហិកតានិងបានដាក់ឱ្យប្រើប្រាស់ជាដំណាក់កាលដំបូងនូវរណ្ដៅទី១លើផ្ទៃដីទំហំជិតបីហិកតា និងមានសមត្ថភាពអាចផ្ទុកសំរាមបាន ជាង៣០ម៉ឺនម៉ែត្រគូបសម្រាប់រយៈពេល១០ឆ្នាំពីឆ្នាំ ២០២២រហូតដល់២០៣២។ទីលានទុកដាក់សំរាមនេះសម្រាប់ប្រជាជនក្នុងក្រុងបាត់ដំបងនិងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាមផ្ទាល់។
តាមការរំពឹងទុកប្រជាជនប្រមាណ៦០ភាគរយ ស្មើនឹងមនុស្ស ១២៦ ០០០នាក់ នឹងទទួលបាននូវសេវាកម្ម ផ្នែកអនាម័យ បរិស្ថាន ពីទីលានចាក់សំរាមមួយនេះ។ទីលានទុកដាក់សំរាមដ៏ធំដំបូងនៅខេត្តបាត់ដំបងបានចំណាយថវិកាសាងសង់ជាង ៦លានដុល្លារអាមេរិក ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន២ក្រោមកម្ចីឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ។
ក្នុងឱកាសនេះឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីនិងតំណាងភាគីដៃគូអភិវឌ្ឍន៍នៃ គម្រោងនៅទីនេះ ដែលបានផ្ដល់នូវកម្ចីឥណទានសម្បទាន ក្នុងការសាងសង់នូវទីលានទុកដាក់សំរាមនិងរៀបចំប្រព័ន្ធលូរំដោះទឹកកខ្វក់និងប្រព័ន្ធលូរំដោះទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបង ដែលគម្រោងខាងលើទាំងនេះពិតជាបានផ្ដល់នូវផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបង្ហាញក្ដីសង្ឃឹមថា ខេត្តបាត់ដំបងនឹងទទួលបាន នូវ គម្រោងថ្មីៗ បន្ថែមទៀត ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.