រដ្ឋបាលខេត្តកំពង់ធំ និងកងកម្លាំងសឹករងខេត្តដាំ​ដើមឈើមួយ​ម៉ឺនដើម លើផ្ទៃដីដែលបានដកហូតក្នុងតំបន់ព្រៃឡង់

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រធាន​គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោសោម ស៊ុន អនុ​ប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានដឹកនាំកងកម្លាំងតំបន់ប្រតិបត្តិការសឹករងជាច្រើននាក់ដាំកូនឈើចម្រុះមួយម៉ឺនឡើងវិញ នៅលើផ្ទៃដី ដែលបានដកហូតពីក្រុមជនល្មើសក្នុង​តំបន់​ព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ក្នុងសកម្មភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន បានអរគុណមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរដែនដី ស្រុកសណ្ដាន់ ដែលបានរួបរួមគ្នាដាំកូនឈើ ដើម្បីស្ដារព្រៃ​ឈើឡើងវិញ ក្រោយពីបាត់បង់ព្រៃឈើដោយជនល្មើស​កាប់ទន្ទ្រាន យកដីធ្វើកម្មសិទ្ធិនាពេលកន្លងមក ។ចំណែកក្រុមជនល្មើសទាំងនោះកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់អាជ្ញាធរដែនដី មន្ត្រីរាជការនិងប្រជា ពលរដ្ឋទាំងអស់ត្រូវចូលរួមការពារសម្បត្តិ ធនធានធម្មជាតិ កុំឱ្យមានការបាត់បង់តទៅទៀតនិងត្រូវមើលថែ​ទាំកូនឈើដាំថ្មី ឱ្យបានដុះលូតដល់ល្អឡើងវិញ ។

ចំណែកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអរគុណឯកឧត្ត​មអភិបាលខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរ​ដែនដី មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំឱ្យមាន​ការដាំស្ដារព្រៃឈើឡើងវិញតាមបទបញ្ជារបស់ឯកឧត្តមនាយ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់៕

ដោយ៖ ប៊ុន រដ្ឋា

ads banner