ម៉ាឡេស៊ីឈប់ដាំដូងប្រេង ដើម្បីរក្សាគម្របព្រៃឈើ

រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចថានឹងបញ្ឈប់ការវិនិយោគបង្កើតចម្ការដាំដូងប្រេងថ្មី ដើម្បីរក្សាគម្របព្រៃឈើដែលនៅសល់សរុបចំនួន ៥៤%។ នេះបើតាមការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដាំដំណាំ និងទំនិញ នៃប្រទេសម៉ាឡេស៊ី លោក Johari Abdul Ghani ដែលត្រូវចេញផ្សាយដោយកាសែតថៃ The Nation។

ថ្លែងនៅក្នុងព្រឹត្តិការណ៍ ទិវាសត្វស្វា អ៊ូរ៉ង់អ៊ូតង់ (Orangutan) ពិភពលោក ២០២៤ នាពេលថ្មីៗនេះ លោក រដ្ឋមន្ត្រីបានថ្លែងថា ផ្លែដូងដែលប្រមូលបានពីតំបន់ព្រៃឈើ នឹងត្រូវហាមឃាត់ មិនឱ្យចូលក្នុងរោងចក្រកែច្នៃដូងប្រេង។

លោកបានបញ្ជាក់ថា វិធានការនេះគឺដើម្បីបង្កើនការការពារជីវចម្រុះ រួមទាំង ការការពារសត្វស្វា អ៊ូរ៉ង់អ៊ូតង ហើយក៏ដើម្បីធានាថាការនាំចេញប្រេងដូងទាំងអស់ បំពេញតាមស្តង់ដារនិរន្តរភាព ដែលម៉ាឡេស៊ី តែងតែត្រូវបានរិះគន់ដោយប្រទេសលោកខាងលិច។

គួរសម្គាល់ថា វិស័យប្រេងដូងបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច របស់ប្រទេសម៉ាឡេស៊ី ដែលតំណាងឱ្យ ៣% នៃផលិតផលក្នុងស្រុកសរុប ដោយបង្កើតចំណូលបាន ជិត ២៣ពាន់លានដុល្លារ ពីការនាំចេញជាប្រចាំឆ្នាំ និងផ្តល់ការងារដល់ប្រជាលពលរដ្ឋម៉ាឡេស៊ី ប្រហែល១លាននាក់។ នេះបើតាមលោករដ្ឋមន្ត្រីដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner