ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យគរុសិស្ស និស្សិត ដែលប្រឡងចូលក្របខណ្ឌរដ្ឋ ផ្សព្វផ្សាយ ការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ដល់មូលដ្ឋានរៀងៗខ្លួន
(សៀមរាប)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកទឹកចិត្តឱ្យប្អូនៗគរុសិស្ស និស្សិតទាំងអស់ ផ្សព្វផ្សាយ ការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ដល់មូលដ្ឋានរៀងៗខ្លួន ហើយប្រាប់ដល់ លោកតា លោកយាយ អ៊ំ ពូ មីង យុវជន យុវនារី សូមឱ្យមានទំនុកចិត្តលើការកែទម្រង់ប្រកបដោយឆន្ទៈខ្ពស់នេះ ជាពិសេស ឯកឧត្តម បានលើកទឹកចិត្តទាំងអស់គ្នា ចូលរួមប្រឡងប្រជែង ដើម្បីសម្រេចតាមបំណងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការ ផ្អែកលើសមត្ថភាពរៀងៗខ្លួន ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជួបគរុសិស្ស គរុនិស្សិត ដែលទើបប្រឡងគ្រូបង្រៀនអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ផែនការឆ្នាំ២០២៣ ដែលកំពុងទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល សរុបចំនួន ៦២នាក់ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការជួបជាមួយប្អូនៗគរុសិស្ស និងគរុនិស្សិត ដែលបានឆ្លងកាត់ការប្រឡងក្លាយជាមន្ត្រីរាជការកាលពីពេលថ្មីៗនេះ ជាឱកាសបានស្តាប់ការចែករំលែកអនុស្សាវរីយ៍នានា ក៏ដូចជា បទពិសោធ នៃការប្រឡងប្រជែងរបស់បេក្ខជនជ័យលាភីម្នាក់ៗ ។ លើសពីភាពសប្បាយរីករាយ ប្អូនៗបានបង្ហាញពីអារម្មណ៍ «ជាប់ដោយមោទនៈ» ដែលខ្លួនបានប្រឹងប្រែងឆ្លងកាត់ដំណាក់កាលនានា តាមរយៈការប្រើប្រាស់សមត្ថភាពដើម្បីប្រឡងប្រជែងជាមួយបេក្ខជនរាប់ម៉ឺននាក់។
ប្អូនៗបានបន្ថែមទាំងរំភើបថា ភាពជោគជ័យទាំងនេះ បានផ្តល់កិត្តិយសដល់ខ្លួនផង ដល់ក្រុមគ្រួសារផង រួមទាំងសហគមន៍ ដែលខ្លួនកំពុងរស់នៅផង។ ទន្ទឹមនេះប្អូនៗ ក៏បានរៀបរាប់ថា ប្អូនៗបានក្លាយជាចំណែកមួយនៃការផ្លាស់ប្តូរផ្នត់គំនិតមហាជនជាវិជ្ជមាន មកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ កាត់បន្ថយការយល់ច្រឡំ ឬពាក្យចចាមអារាមនានា តាមរយៈការពន្យល់ប្រាប់អ្នកដទៃពីភាពជោគជ័យរបស់ខ្លួន ព្រោះប្អូនៗគឺជាសក្ខីភាព និងជាសាក្សីដែលបានឆ្លងកាត់ដោយផ្ទាល់ និងចូលរួមដោយផ្ទាល់ក្នុងដំណើរការប្រឡងប្រជែងតាំងពីពេលដាក់ពាក្យ រហូតបានទទួលលទ្ធផលដូចពេលនេះ។
ប្អូនៗ បានយកឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងជាពិសេសសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតផ្តល់បរិយាកាសឱ្យមានរៀបចំការប្រឡងប្រជែងនេះ ហើយក៏បានអនុញ្ញាតឱ្យប្អូនៗមានឱកាសប្រឡងប្រជែងគ្នាដោយស្មើភាព ម្តងហើយ ម្តងទៀត និងជាបន្តបន្ទាប់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានចូលរួម អបអរសាទរ និងបង្ហាញពីជឿជាក់យ៉ាងមុតមាំថា តាមរយៈការជ្រើសរើសដ៏ហ្មត់ចត់នេះ ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា នឹងបន្ថែមកម្លាំងធនធានមនុស្សដ៏កាន់តែមានសក្តានុពលបន្ថែមទៀត ឆ្ពោះទៅកាន់ប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ៕
ដោយ ៖ វណ្ណលុក