ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ឯកសារស្តីពី CLV-DTA គឺជារឿងចាស់ មិនមានការលាក់បាំងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ រាជធានីភ្នំពេញ បានលើកឡើងថា ពត៌មានអំពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) មានតាំងពីឆ្នាំ១៩៩៩ និងមានអ្នកស្រាវជ្រាវរបស់ វិទ្យាស្ថានមេគង្គ នៅប្រទេសថៃ បានសរសេរ និងបោះផ្សាយអត្ថបទគោលនយោបាយខ្លីៗ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ កម្ពុជាបានបង្កើតគណៈកម្មការសភានៃព្រះរាជាណាចក្រកម្ពុជា នៃគណៈកម្មការអន្តរសភាកម្ពុជា-ឡាវ-វៀតណាម ដើម្បីជំរុញ និងតាមដានការអនុវត្តនូវគោលនយោបាយអភិវឌ្ឍតំបន់ត្រីកោណ ដោយមានសមាជិកមកពីគណបក្សប្រឆាំងផងដែរ។ សមាជិកមកពីគណបក្សប្រឆាំង ដែលបច្ចុប្បន្នឆ្លើយថាមិនដឹង គឺជាការឆ្លើយដោយខ្វះការទទួលខុសត្រូវ ព្រោះខ្លួនជាសមាជិកគណៈកម្មការអន្តរសភា CLV ហើយពត៌មានអំពី CLV ក៏មានក្នុងការសែត និងអ៊ីនធឺណែតជាច្រើនទាំងភាសាខ្មែរ ទាំងភាសាអង់គ្លេស និងបានបង្ហោះអស់រយៈពេលជាច្រើនឆ្នាំហើយ។
ឯកឧត្តម គូសបញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវបង្ហាញថា មានអត្ថបទបោះផ្សាយក្នុងអ៊ីនធឺណែត អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ ជារៀងរាល់ឆ្នាំ និងមានរហូតដល់៤-៥អត្ថបទក្នុងឆ្នាំ។ អត្ថបទភាគច្រើនសរសេរ អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ធានធានធម្មជាតិ បរិស្ថាន និងសន្តិសុខផងដែរ។ល។
ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ព្រមទាំងផ្តល់ឱកាសជូនសមាជិកក្រុមប្រឹក្សាសង្កាត់ បានស្វែងយល់ពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងបន្តថា គោលបំណងនៃកិច្ចព្រមព្រៀងស្តីពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) គឺអនុញ្ញាតឱ្យប្រជាជននៅក្នុងតំបន់នោះអាចឆ្លងទៅមក និងដោះដូរទំនិញ ដោយមិនមានភាពស្មុគ្រស្មាញ។ ឯកឧត្តម បានជំរុញដល់អ្នកដែលមិនយល់ ហើយចង់ដឹង ចង់លឺអំពីកិច្ចព្រមព្រៀងនេះ សូមមើលគ្រប់មាត្រាទាំងអស់ បើមានចំនុចណាមិនល្អ សូមលើយកមកពិគ្រោះ ដើម្បីឈានទៅកែលំអរ បើចាំបាច់។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បាជំរុញដល់ ក្រុមប្រឹក្សាសង្កាត់ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ សូមព្យាយាមជួយពន្យល់ ដល់យុវជន និងអ្នកទាំងឡាយណាដែលមិនយល់ ដោយមិនប្រកាន់គណបក្សនយោបាយ ដើម្បីឱ្យបានយល់ច្បាស់ទាំងអស់គ្នា និងដើម្បីចៀសវាងចាញ់បោកការញុះញ៉ង់ណាមួយ។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ក៏បានលើកអំពី ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដោយប្រៀបធៀបផលិតផលក្នុងសរុប (GDP) ក្នុងម្នាក់ៗក្នុងមួយឆ្នាំរវាងកម្ពុជា ឡាវ និងវៀតណាម ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៤។ ប្រជាជនកម្ពុជាមានចំណូលត្រឹមតែ ២៩៦ដុល្លារ ប៉ុណ្ណោះក្នុងម្នាក់នៅឆ្នាំ១៩៩៩ ហើយបានកើនដល់២,៣៣៦ដុល្លា នៅឆ្នាំ២០២៤ ដោយកើនឡើង៧ដង។ ប្រជាជនឡាវ មានចំណូល ២៧២ដុល្លារក្នុងម្នាក់នៅឆ្នាំ១៩៩៩ ហើយបានកើនដល់១,៩៧៦ដុល្លា នៅឆ្នាំ២០២៤ ដោយបានកើន ៦ដង។ ឯប្រជាជនវៀតណាមមាន ៣៦៧ដុល្លារ នៅឆ្នាំ១៩៩៩ និង៤,៦២៣ដុល្លារ នៅឆ្នាំ២០២៤ ដោយបានកើនឡើងជាង១១ដង៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា