លិចទូកក្តោង បាត់ខ្លួនមហាសេដ្ឋីអង់គ្លេស

បរទេស៖ ទូកក្តោងទេសចរណ៍ដ៏ទំនើប Bayesian បានលិច នៅក្បែរកោះ Sicily ប្រទេសអ៊ីតាលី បាត់ខ្លួនមនុស្ស៦នាក់ រួមមានទាំង មហាសេដ្ឋបច្ចេកវិទ្យាជនជាតិអង់គ្លេស លោក Mike Lynch និងកូនស្រី។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃចន្ទ ប៉ុន្តែ រហូតមកដល់ថ្ងៃអង្គារ រកមិនទាន់ឃើញមនុស្សបាត់ខ្លួននៅឡើយទេ ខណៈដែលក្រុមមុជទឹកបន្តស្វែងរក។ ឆ្មាំសមុទ្រអ៊ីតាលី បានឱ្យដឹងថា ទូកក្តោង ដោតទង់ជាតិអង់គ្លេសប្រវែង ៥៦ម៉ែត្រ មួយគ្រឿងនេះ ផ្ទុកមនុស្ស ២២នាក់ ដោយបានបោះយុថ្កា នៅចម្ងាយប្រហែល ៧០០ម៉ែត្រពីកំពង់ផែ ហើយក៏ត្រូវបាន វាយប្រហារ ដោយខ្យល់បោកបក់ខ្លាំង។

ភរិយារបស់លោក Lynch គឺលោកស្រី Angela Bacares ស្ថិតក្នុងចំណោមមនុស្ស ១៥នាក់ដែលត្រូវបានជួយសង្គ្រោះ ប៉ុន្តែលោក Lynch និងកូនស្រីអាយុ ១៨ឆ្នាំឈ្មោះ Hannah បានបាត់ខ្លួន។

ក្នុងវ័យ ៥៩ឆ្នាំ លោក Lynch ជាសហគ្រិន និងអ្នកវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យាដ៏ល្បីល្បាញ ប្រចាំនៅអង់គ្លេស។ អ្នកបាត់ខ្លួនផ្សេងទៀត មានជនជាតិអង់គ្លេស អាមេរិក និងកាណាដា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner