ប្រមុខការទូតអាមេរិកបន្តទៅអេហ្ស៊ីប ជំរុញបទឈប់បាញ់នៅហ្គាហ្សា

វ៉ាស៊ីនតោន៖ លោក អាន់ថូនី ប្លីងគែន នៅថ្ងៃអង្គារ៍ បានបន្តដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ខណៈលោកក៏កំពុងជំរុញក្រុមហាម៉ាស់ឱ្យទទួលយកកិច្ចព្រមព្រៀងមួយផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានចាកចេញពីប្រទេសអ៊ីស្រាអែល ហើយបន្តឆ្ពោះទៅកាន់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអង្គារ៍ ស្ថិតក្នុងគោលបំណងពន្លឿនកិច្ចពិភាក្សា អំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

បន្ទាប់មក លោក ប្លីងគែន នឹងបន្តដំណើរទៅជួបអធិរាជរបស់ប្រទេសកាតា ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al-Thani នៅទីក្រុងដូហា ដែលជាកន្លែងរៀបចំការចរចាបទឈប់បាញ់នៅហ្គាហ្សាកាលពីសប្តាហ៍មុន។

ការចាកចេញរបស់លោក ប្លីងគែន ពីអ៊ីស្រាអែល កើតឡើងនៅពេលដែលសហគមន៍ kibbutz របស់អ៊ីស្រាអែល បានប្រកាសពីការស្លាប់ចំណាប់ខ្មាំង Avraham Munder វ័យ ៧៩ឆ្នាំ នៅក្នុងទីតាំងឃុំឃាំងនៅតំបន់ហ្គាហ្សា ដែលប្រការនេះ បានគូសបញ្ជាក់ពីភាពបន្ទាន់ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។

អំឡុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល លោក ប្លីងគែន បានប្រាប់អ្នកសារព័ត៌មានថា នេះគឺជាពេលវេលាសម្រេចចិត្តមួយដ៏ល្អបំផុត និងជាឱកាសចុងក្រោយ ដើម្បីនាំយកចំណាប់ខ្មាំងមកផ្ទះវិញ និងទទួលបានបទឈប់បាញ់។

លោក ប្លីងគែន បានសង្កត់ធ្ងន់ថា ខ្ញុំនៅទីនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូត ណែនាំដោយលោកប្រធានាធិបតី បៃដិន ដើម្បីព្យាយាមធ្វើឱ្យកិច្ចព្រមព្រៀងមួយឈានដល់ចំណុចដែលចង់បាន… វាដល់ពេលហើយសម្រាប់គ្រប់គ្នា ដើម្បីយល់ព្រម៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner