ឯកឧត្តម លី សារី ៖ យើងចូលរួមលើកកម្ពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម

(ភ្នំពេញ)៖ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្នុងនាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា បានអំពាវនាវ ក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ខេត្តសៀមរាប កាលពីចុងសប្តាហ៍ថា សូមអាណាព្យាបាល គ្រប់ភាគីពាក់ព័ន្ធ ផ្តល់ឱកាសអោយជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងលេងកីឡា ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព នៅកម្ពុជា ។

ឯកឧត្តម បន្តថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញ មានការទទួលខុសត្រូវក្នុង ការអភិវឌ្ឍ ចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តសៀមរាប និងខេត្តកំពង់ធំ ព្រមទាំងក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលាមកចូលរួម និងរៀបចំកកម្មវិធីនេះ ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញាបាន ចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។

ឯកឧត្តម លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណងគឺ ផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែកបទពិសោធន៍ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមកលើកកម្ពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម។ ការប្រកួតកីឡាមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹតចំណាងមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ ជាពិសេសការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ មានប្រតិភូកីឡា អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស អាណាព្យាបាលចំនួនសរុប១៨៧នាក់ មកពីខេត្តសៀមរាប មានចំនួន៥០នាក់ និងខេត្តកំពង់ធំ ចំនួន ៥៧ នាក់ ។ ប្រកួតលើ៣ប្រភេទកីឡា គឺកីឡាអត្តពលកម្ម បុរស-នារី , កីឡាបាល់ទាត់យូនីហ្វាយ បុរស និងនារី និងកីឡាប៊ូល ៖ ១ នាក់ទល់១ នាក់ និង ២នាក់ទល់២នាក់ ។ ជាលទ្ធផលស្វែងរកឃើញម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធផងដែរ ៕

អត្ថបទ-រូបភាពៈ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner