ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទទួលជួប អ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា

(ភ្នំពេញូ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារ ជាមួយ លោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់ UN ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់ នៃកិច្ចប្រជុំកំពូលស្ដីពីអនាគត និងការត្រៀមលក្ខណៈចូលរួមរបស់កម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ដែលនៅក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងតំណាង UN បានពិភាក្សាអំពីដំណើរការ និងឯកសារលទ្ធផល នៃកិច្ចប្រជុំកំពូលខាងលើ ព្រមទាំងផ្លាស់ប្ដូរយោបល់ ជុំវិញបញ្ហាចំបងមួយចំនួន រួមមាន ការបន្តកិច្ចសហប្រតិបត្តិការ ជាមួយ UN តួនាទី និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួម ជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមចំណែកដល់កិច្ចខិតខំ ប្រឹងប្រែងពហុភាគី សំដៅពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ២០៣០ ។

លោក យូស៊ិប សូយ័រ បានថ្លែងអំណរគុណ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង UN និងរាជរដ្ឋាភិបាលកម្ពុជា និងបានសម្តែងការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះរាល់សំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

តំណាង UN ក៏បានជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ទទួលបានជោគជ័យ ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ខាងមុខនេះ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner