តួប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង អាយុជាង១ពាន់ឆ្នាំ ដែលមានសភាពទ្រុឌទ្រោមខ្លាំងត្រូវបានជួសជុល

(ភ្នំពេញ)ប៉មឥដ្ឋ G15 ដែលស្ថិតនៅខាងត្បូងនៃប្រាសាទភ្នំបាខែង អាយុកាលជាង១ពាន់ឆ្នាំ មានសភាពទ្រុឌទ្រោមខ្លាំងទាមទារឱ្យជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត។

ទាក់ទិនក្នុងរឿងនេះ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ ប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង ទ្រុឌទ្រោម ដោយសារអាយុកាលនៃសំណង់ កង្វះការថែទាំយូរអង្វែង ព្រមទាំងធម្មជាតិផង ធ្វើឱ្យប្រាសាទឥដ្ឋនេះ រងការខូចខាតទាំងស្រុងចាប់តាំងពីក្បាំងជញ្ជាំងឡើងលើ។ ក្រៅពីនេះ ចំណុចហានិភ័យនៃប៉មឥដ្ឋ G15 មានដូចជា ខូចខាតខឿន និងរលុះប្រេះហែករចនាសម្ពន្ធនៃជញ្ជាំងជ្រាបទឹកចូលនៅក្នុងរដូវវស្សា។

លោក ស្រី ឈុន រតនា បញ្ជាក់ប្រាប់ថា ដើម្បីថែរក្សាស្ថិរភាពប្រាសាទនេះឱ្យមានលំនឹងបន្តទៀត អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្នុង ព្រមទាំងជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្រៅនាទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិសខាងត្បូងឡើងវិញ។

លោកស្រីថា ៖ ការជួសជុលពង្រឹងខឿន សសរផ្អោប និងសសរ ពេជ្រ បិទភ្ជិតស្នាមប្រេះ ការពារជម្រាបទឹក គឺដើម្បីឱ្យតួប៉ម G15 នៃប្រាសាទភ្នំបាខែង រឹងមាំឡើងវិញនៅគង់វង្សយូរអង្វែងបន្តទៀត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner