រដ្ឋបាលព្រៃឈើឱ្យផ្តល់ព័ត៌មានករណីមានសត្វស្វាកាច់ឬបង្កការរំខានណាមួយកើតឡើង

(ភ្នំពេញ)រដ្ឋបាលព្រៃឈើនៃក្រសួងរុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំណឹងមួយដល់សាធារណៈជនដោយផ្តល់ជាដំណឹងក្នុងករណីដែលមានសត្វស្វាកាចសាហាវ ឬបង្កការគ្រោះថ្នាក់ណាមួយកើតឡើង។

បើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលព្រៃឈើបានឱ្យដឹងនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤នេះថា ក្នុងគោលបំណងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបញ្ជាក់ប្រាប់ដល់សាធារណជនថា រដ្ឋបាលព្រៃឈើ សូមដាក់ជូននូវលេខទំនាក់ទំនង Hotline ខាង ក្រោមនេះ សម្រាប់ប្រជាពលរដ្ឋអាចប្តឹង ឬរាយការណ៍ករណីដែលមានសត្វស្វាបង្កបញ្ហាជាយថាហេតុនៅទូទាំងប្រទេស។

ប្រភពខាងលើនេះបានឱ្យដឹងថា ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាន និងធ្វើទុក្ខបុកម្នេញ សូមទាក់ទងមកតាមរយៈ ទូរស័ព្ទលេខ ០៨៥៧៨០៨៤៧ ឬ ០១០៥៥៦៦៣០នេះ ដែលរដ្ឋបាលព្រៃឈើនឹងចេញអន្តរាគមន៍ក្នុងការដកហូតសត្វស្វាដែល អាចបង្កគ្រោះថ្នាក់ទាំងនោះ ចេញពីតំបន់សាធារណៈមួយចំនួននេះ។ ស្វាដែលចាប់បានទាំងនេះ នឹងយកទៅព្រលែងក្នុង ព្រៃធម្មជាតិដើម្បីបង្កើនចំនួនសត្វស្វាដោយធម្មជាតិ ឬយកទុកធ្វើជាមេបង្កាត់ពូជនៅក្នុងកសិដ្ឋាន ឬរក្សាទុកនៅតាម សួនសត្វ អាស្រ័យទៅតាមស្ថានភាពនៃសត្វស្វានីមួយៗ។

ជាមួយគ្នានេះរដ្ឋបាលព្រៃឈើ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសហការ និងយោគយល់នូវការរំខាន ណាមួយជាយថាហេតុ និងសុំឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាកុំព្រលែងស្វានៅតាមវត្តអារាម ឬទីសាធារណៈ និងកុំផ្តល់ ចំណី កុំប៉ះពាល់ ឬលេងជាមួយសត្វស្វា ហើយត្រូវរក្សាគម្លាតឆ្ងាយពីស្វាដើម្បីធានាសុវត្ថិភាពបញ្ចៀសការបង្កគ្រោះថ្នាក់ ណាមួយដោយសត្វស្វាទាំងនេះ ក៏ដូចជាកាត់បន្ថយហានិភ័យនៃការចម្លងជំងឺ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner