ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ៖ ការលើកកម្ពស់ សុវត្ថិភាពម្ហូបអាហារ នឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

(ភ្នំពេញ)៖ ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ក្រោមប្រធានបទ “ការត្រៀមបង្ការហានិភ័យលើសុវត្ថិភាពម្ហូបអាហារ” ត្រូវបានរៀបចង់ធ្វើនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ផូគិត្រា កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រោមកិច្ចសហការរៀបចំ និងគាំទ្រថវិកាពីអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងពាក់ព័ន្ធ ដែលជាសមាជិកក្រុមការងារ បច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដៃគូអភិវឌ្ឍន៍ សង្គម ស៊ីវិល វិស័យឯកជន សហគមន៍ អ្នកសារព័ត៌មាន និងប្អូនៗយុវជនជាច្រើននាក់ទៀត។

លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា “សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។ សុវត្ថិភាពម្ហូបអាហារ គឺជាកិច្ចការដ៏សំខាន់ ដែលយើងត្រូវរៀបចំផែនការ ការត្រៀមបង្ការជាមុន និងការធ្វើសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងប្រព័ន្ធស្បៀង សំដៅឆ្ពោះទៅលើកកម្ពស់ខ្សែច្រវាក់តម្លៃស្បៀងទាំងមូលឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព។ យុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាឱ្យបាននូវសុវត្ថិភាពម្ហូបអាហារ ដោយសារនៅប្រទេសកម្ពុជាសម្បូរទៅដោយយុវជនវ័យក្មេង ជាង៦០ភាគរយនៃប្រជាជនសរុប គឺជាយុវជន ដែលមានសក្តានុពលសម្រាប់អនាគតរបស់កម្ពុជា។ ការចូលរួមរបស់យុវជនក្នុងប្រព័ន្ធស្បៀង គឺមានសារៈសំខាន់ណាស់ ដើម្បីកសាងអនាគតមួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ចោលឡើយ”។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋសភាចារ្យទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ក្រោមប្រធានបទ “ការត្រៀមបង្ការហានិភ័យលើសុវត្ថិភាពម្ហូបអាហារ” គឺមានគោលបំណងបង្កើនការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ និងការត្រៀមខ្លួនជាមុនចំពោះហេតុការណ៍ណាមួយ ដែលអាចកើតមានឡើងជាយថាហេតុដល់សុវត្ថិភាពម្ហូបអាហារ និងលើកកម្ពស់សកម្មភាពច្នៃប្រឌិត និងប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តកិច្ចសហការ ជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដើម្បីយើងខិតខំប្រឹងប្រែងរួមគ្នា បន្ថែមទៀត ធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ផ្តល់ផលប្រយោជន៍ដល់អ្នកផលិត និងបញ្ចូលការងារសុវត្ថិភាពម្ហូបអាហារទៅក្នុងគោលនយោបាយសុខភាពសាធារណៈ សំដៅកាត់បន្ថយជំងឺមួយចំនួន បង្កឡើងដោយម្ហូបអាហារមិនមានសុវត្ថិភាព។ ការលើកកម្ពស់ សុវត្ថិភាពម្ហូបអាហារ នឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រម ទាំងជួយសម្រួលឱកាសធ្វើពាណិជ្ជកម្ម និងអាជីវកម្មម្ហូបអាហារ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ឈានឆ្ពោះទៅសម្រេចឱ្យបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺ“ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភមានភាពប្រសើរឡើង និងលើកកម្ពស់កសិកម្ម ប្រកបដោយចីរភាព” ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner