ក្រឡាប់ឡានក្រុង ស្លាប់មនុស្ស២៨នាក់ នៅអ៊ីរ៉ង់

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃពុធនេះថា អ្នកធម្មយាត្រាប៉ាគីស្ថាន យ៉ាងហោចណាស់ ចំនួន២៨នាក់បានស្លាប់ ក្នុងហេតុការណ៍ក្រឡាប់ឡានក្រុងមួយគ្រឿង បណ្តាលឲ្យឆាបឆេះភ្លាមៗ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាដំណើរ ដើម្បីប៉ុនប៉ង ទៅចូលរួមពិធីសាសនាមូស្លីម និកាយ ស៊ីអ៊ីត (Shiite ) នៅប្រទេសអ៊ីរ៉ាក់។

ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា រថយន្តក្រុងមួយគ្រឿងនេះ បានដឹកអ្នកធ្វើធម្មយាត្រាប៉ាគីស្ថាន សរុប ចំនួន ៥១នាក់ មុនពេលកើតហេតុការណ៍អាក្រក់ នៅចំណុចមួយ ស្ថិតនៅក្នុងខេត្ត Yazd ភាគកណ្តាលប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ។ ក្រៅពីស្លាប់មនុស្សជាង20នាក់ ក៏មានមនុស្សរងរបួស ចំនួន២៣នាក់ផ្សេងទៀត ក្នុងនោះ មានជាង១០នាក់ រងរបួសធ្ងន់ធ្ងរ។ យ៉ាងណាមិញ មិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដ នៃហេតុការណ៍ក្រឡាប់ឡានក្រុង មួយគ្រឿងនេះ នៅឡើយទេ។

អ្នកធ្វើធម្មយាត្រាប៉ាគីស្ថានទាំងនេះ ត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់ ដើម្បីចូលរួម ពិធីរំលឹកដល់បុណ្យ Arbaeen ដែលជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយ នៃប្រតិទិន សាសនា ស៊ីអ៊ីត (Shiite)។ យោងតាមតួលេខផ្លូវការ បានឱ្យដឹងថា កាលពីឆ្នាំមុន មានអ្នកធម្មយាត្រា ប្រហែល២២លាននាក់បានចូលរួមពិធី បែបនេះ នៅប្រទេសអ៊ីរ៉ាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner