សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

លោកកជំទាវ រ៉េតណូ ម៉ារស៊ូឌី បានអញ្ជើញមកដល់កម្ពុជា កាលពីនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ ដើម្បីធ្វើជាសហប្រធានជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ កិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) កម្ពុជាធ្វើជាម្ចាសើផ្ទះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា កិច្ចប្រជុំនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពសំខាន់ៗដែលសម្រេចបានបន្ទាប់ពីកិច្ចប្រជុំ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី JCBC លើកទី៤ នៅរដ្ឋធានីហ្សារកាតា និងកំណត់ទិសដៅអនាគតដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅ វិញទៅមក។

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី នឹងពិភាក្សាស៊ីជម្រៅអំពីគោលដៅក្នុងការធ្វើឱ្យកាន់តែទូលំទូលាយ បន្ថែមទៀតនូវទំនាក់ទំនងដែលកំពុងរីកចម្រើនលើគ្រប់វិស័យ ដូចជា ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ សុខាភិបាល ការងារ បរិស្ថាន ដឹកជញ្ជូន ទេសចរណ៍ វប្បធម៌ និងសហប្រតិបត្តិការ នយោបាយ-សន្តិសុខ។ ការវិវឌ្ឍក្នុងតំបន់ និងបញ្ហាអន្តរជាតិដែលជាកង្វល់ និងជាផលប្រយោជន៍ រួម ក៏នឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំផងដែរ។

គួរកត់សម្គាល់ថា កិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) ធ្វើឡើងស្របពេលនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ី៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner