ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនិងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើការបិទផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៣ ដែលជាបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ទាំង ១.៦៥២ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

គ.ជ.ប បានបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ មានគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ បញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត ក៏មានបង្ហោះផ្សាយនៅលើគេហទំព័រ voterlist.nec.gov.kh និងតាមរយៈកម្មវិធីទូរសព្ទដៃ (App) “NEC KH” ផងដែរ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅតាមឃុំ សង្កាត់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

សូមប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner