កូនក្រពើភ្នំ ជាសត្វកម្របំផុត ១៤ក្បាល បានញាស់ដោយជោគជ័យនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង

(ភ្នំពេញ)កូនក្រពើភ្នំឬហៅថា ក្រពើត្រី ដែលជាសត្វកម្របំផុតមួយក្នុងលោកត្រូវបានអ្នកជំនាញធ្វើការភ្ញាស់យ៉ាងជោគជ័យចំនួន១៤ក្បាលនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤ថា ៖ ក្រុមការងាររបស់ Rising Phoenix ពីស្រុកសៀមប៉ាង បានបង្ហាញក្តីរំភើបរីករាយបន្ទាប់ពីក្រពើភ្នំរបស់ពួកគេញាស់កូនបាន ១៤ក្បាល ដោយជោគជ័យ ដែលនេះជាការសម្រេចបានលើកដំបូងបំផុត ចាប់តាំងពីពេលដែលយើងបានធ្វើការនាំយកប្រភេទសត្វជិតផុតពូជបំផុតនេះ ត្រឡប់ចូលទៅក្នុងតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងកាលពីខែឧសភាឆ្នាំមុន។

បើតាមUSAIDបានឱ្យដឹងដែរថា ៖ កូនក្រពើភ្នំទាំងនេះបានញាស់ដោយជោគជ័យចេញពីសំបុកមួយក្នុងចំណោមសំបុកចំនួន៥ ខណៈដែលសំបុកចំនួន ៤ទៀតមិនបានជោគជ័យនោះទេ។

គួរបញ្ជាក់ថាក្រពើភ្នំ គឺជាប្រភេទសត្វក្រពើទឹកសាប ដែលមានប្រភពកំណើតនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ ក្រពើភ្នំត្រូវបានចុះជា «ប្រភេទសត្វជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហម អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ២០១២ ហើយវាត្រូវបានបាត់វត្តមានពីតំបន់ដែលវាធ្លាប់រស់នៅជាច្រើនរួចមកហើយ។

នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំនេះត្រូវបានគេគិតថាផុតពូជបាត់ទៅហើយ ប៉ុន្តែក្រោយមក វាត្រូវបានគេប្រទះឃើញឡើងវិញនៅតាមជួរភ្នំក្រវាញក្នុងឆ្នាំ២០០០។

ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤នេះថា ដែនជម្រកសត្វព្រៃសៀមប៉ាងក៏ជាអតីតជម្រករបស់សត្វក្រពើភ្នំនេះតាំងពីដើមមកដែរ។ ទោះបីយ៉ាងណា ដោយសារតែការបាត់បង់ជម្រក និងសកម្មភាពនេសាទដែលគ្មាននិរន្តរភាព បានធ្វើឱ្យចំនួនរបស់ក្រពើភ្នំបានថយចុះយ៉ាងខ្លាំង។ ហើយការស្រាវជ្រាវថ្មីៗមិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ពីវត្តមានរបស់ពួកវានៅទីនេះបន្តទៀតនោះទេ។

ដើម្បីជួយទប់ស្កាត់ប្រភេទសត្វជិតផុតពូជបំផុតមួយនេះពីការផុតពូជ USAID មរតកបៃតង និងដៃគូអភិរក្ស Rising Phoenix បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សមួយកាល់ពីឆ្នាំទៅ ដោយបាននាំយកសត្វក្រពើភ្នំចំនួន ២២ក្បាល ចូលទៅក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃសៀមប៉ាងឡើងវិញ។

ពិធីលែងក្រពើភ្នំចូលក្នុងតំបន់អភិរក្សនេះ ត្រូវបានរៀបចំដោយសហការជាមួយមន្ទីរបរិស្ថានខេត្ត រដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន សហគមន៍ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។ ព្រឹត្តិការណ៍នេះក៏បានលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ក្រពើភ្នំនៅក្នុងប្រព័ន្ធអេកូឡូស៊ី និងសារៈសំខាន់នៃការអភិរក្សជីវៈចម្រុះដល់ប្រជាជនក្នុងតំបន់ផងដែរ។

ក្រពើភ្នំដែលត្រូវប្រលែងទាំងអស់ត្រូវបានគេធ្វើតេស្តហ្សែនជាមុន ដើម្បីធ្វើឱ្យប្រាកដថាវាជាពូជក្រពើភ្នំសុទ្ធ។ ខុសពីប្រភេទសត្វក្រពើដ៏ទៃ ពូជក្រពើភ្នំសុទ្ធមិនត្រូវបានគេរកឃើញថាមានភាពកាចសាហាវដាក់មនុស្សនោះទេ។
ចូលរួមជាមួយយើងដើម្បីការពារ និងស្តារប្រភេទសត្វជិតផុតពូជ ដូចជាក្រពើភ្នំនេះឡើងវិញ! រាល់សកម្មភាពចូលរួមរបស់អ្នក គឺពិតជាមានតម្លៃសម្រាប់ការអភិរក្សសត្វព្រៃរបស់យើងកុំឱ្យផុតពូជ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner