សហព័ន្ធបេស្បល និងសុហ្វបលកម្ពុជាបំពាក់បំប៉នដល់មន្រ្តីបច្ចេកទេសមុនការប្រកួតលិគផ្លូវការ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ មុនការប្រកួតលិគបេស្បលហ្វាយលើកទី១ឈានចូលមកដល់ ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែសីហា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិក សហព័ន្ធកីឡាបេស្បល និងសុហ្វបលកម្ពុជា បានបើកបណ្តុះបណ្តាលដល់មន្រ្តីបច្ចេកទេសរបស់ខ្លួន ដើម្បីផ្តល់នូវចំណេះជំនាញបន្ថែមជំរុញឱ្យការប្រកួតកាន់តែស្តង់ដារដូចការប្រកួតនៅអន្តរជាតិ។

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤នេះ បង្ហាត់បង្រៀនដោយគ្រូឧទ្ទេសប្រចាំសហព័ន្ធ និងគ្រូឧទ្ទេសមកពីសហព័ន្ធបេស្បលហ្វាយពិភពលោក ។

ពាក់ព័ន្ធវគ្គបណ្តុះបណ្តាលនេះ លោក ឆែម តារ៉ា ប្រធានសហព័ន្ធកីឡាបេស្បលនិងសុហ្វបលកម្ពុជា បានថ្លែងគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធបានរៀបចំឡើងក្នុងគោលបំណងផលិតនូវធនធានកីឡាបេស្បលឱ្យមាន កាន់តែច្រើននៅកម្ពុជា តាមរយៈការផ្តល់ចំណេះជំនាញដល់គ្រូបង្ហឹក និងកីឡាករកីឡាការិនីនេះ ដើម្បីឱ្យពួកគាត់ក្លាយជាគ្រូដែលមានគុណភាពអាចបណ្តុះបណ្តាលដល់កីឡាករកីឡាការិនីជំនាន់ក្រោយតាមបទដ្ឋានបច្ចេកទេសស្តង់ដារ។ ម្យ៉ាងវិញទៀត វគ្គបណ្តុះបណ្តាលដែលបង្ហាត់ដោយគ្រូឧទ្ទេសមកពីសហព័ន្ធពិភពលោក នឹងជួយឱ្យពួកគាត់ជាមន្រ្តីបច្ចេកទេសកាន់តែយល់ច្បាស់អំពីលក្ខន្តិកៈក្បួនច្បាប់បេស្បលហ្វាយឈានទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបេស្បលហ្វាយលិគលើកទី១ឱ្យទទួលបានជោគជ័យ។

ប្រធានសហព័ន្ធរូបនេះ អះអាងថា សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃដែលសហព័ន្ធរៀបចំនេះ សិក្ខាកាមទាំងអស់នឹងបានសិក្សាយ៉ាងច្បាស់ក្រោមការចែករំលែកពីគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបេស្បលពិភពលោក អំពីច្បាប់វិន័យ និងលក្ខន្តិកៈដែលពិភពគេបានរៀបចំ។ ព្រោះសម្រាប់ទិសដៅបេស្បលហ្វាយកម្ពុជាកម្ពុជា នៅពេលខាងមុខក៏មានគម្រោងរៀបចំការប្រកួតកម្រិតអន្តរជាតិនៅក្នុងស្រុកយើងដែរ។ ដូច្នោះហើយ យើងចាំបាច់ត្រូវមានធនធានមន្រ្តីបច្ចេកទេសយើងមានជំនាញច្បាស់លាស់និងស្តង់ដារ ដើម្បីឱ្យការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ ដោយមិនមានពាក្យរិះគន់ក្រោយការប្រកួតបានបញ្ចប់។

សូមបញ្ជាក់ថា មន្រ្តីបច្ចេកទេសដែលជាសិក្ខាកាម ទាំងអស់បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ និងត្រូវបានផ្តល់សិទ្ធិឱ្យចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបេស្បលហ្វាយលិគលើកទី១ ដែលរៀបចំដោយសហព័ន្ធ ចាប់ពីថ្ងៃទី២២ដល់២៤ ខែ សីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

រូបភាព ៖ ងីម ឆៃហួត
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner