សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលវត្ថុបុរាណខ្មែរ នៅវិមានសន្តិភាព
ភ្នំពេញ៖ ផ្តើមពីជាងមួយពាន់ឆ្នាំមុនម្ល៉េះ នៅពេលដែលព្រះបាទជ័យវរ្ម័នទី៤ បានដឹកនាំកសាងរាជធានីនៅកោះកេរ ហើយបានឱ្យគេឆ្លាក់រូបបដិមាទោលចំនួន ៩ អង្គ ដ៏រស់រវើក និង ស្កឹមស្ពៃ ដែលពិពណ៌នាអំពីឈុតឆាកប្រយុទ្ធដ៏ល្បីល្បាញមួយរវាងវង្សក្សត្របាណ្ឌព និង កៅរព ក្នុងវីរកថា មហាភារត។ តំបន់ប្រាសាទ កោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ នៅក្នុងទសវត្សរ៍ឆ្នាំ ៧០ រហូតដល់ ៩០ នៅពេលដែលកម្ពុជាកំពុងមានសង្គ្រាមស៊ីវិល និង អសន្តិសុខ។ នេះជាការបញ្ជាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។
សម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា «ការស្វែងរក និង ការវិលត្រឡប់មកវិញនៃទេពរបស់វង្សក្សត្រទាំងពីរ បានប្រព្រឹត្តទៅអស់ជាង ១០ ឆ្នាំមកហើយ តាំងពីជំនាន់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី ដែលបានដឹកនាំការងារនេះ ដោយស្វិតស្វាញបំផុត ហើយទទួលបានរូបបដិមាចំនួន ៥ រូប មកកម្ពុជាវិញនាឆ្នាំ ២០១៣ និង ឆ្នាំ ២០១៤ ។ តាមរយៈ ការងារជាបន្តរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, មកដល់ពេល បច្ចុប្បន្ននេះ យើងបានទទួលមកវិញនូវបដិមាទេពចំនួន ៨ អង្គ ដោយក្នុងនោះបដិមា ២ អង្គ កំពុងស្ថិត នៅចំពោះមុខអង្គពិធីនាពេលនេះ។ ព្រះបដិមាអង្គចុងក្រោយដែលគេស្គាល់ថា ព្រះក្រឹស្ណៈ ក្រុមការងារ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពុងបន្តយុទ្ធនាការស្វែងរក ដើម្បីបង្គ្រប់ឈុតឆាកដ៏អស្ចារ្យមួយនេះ ឡើងវិញ ដែលក៏នឹងក្លាយជានិមិត្តរូបដ៏មានតម្លៃនៃការជួបជុំ»។
ការចរាចរ និងជួញដូរវត្ថុបុរាណ ជាបញ្ហាសកល ដែលកើតមានឡើងនៅតាមប្រទេសជាច្រើននៅ ទូទាំងសកលលោក ហើយដែលភាគច្រើនត្រូវបានប្រព្រឹត្តឡើងដោយមានលក្ខណៈជាប្រព័ន្ធ និងមាន ទ្រង់ទ្រាយធំប្រទាក់ក្រឡាដ៏ស្មុគស្មាញ តាមរូបភាពផេ្ទរក្លែងបន្លំប្រវត្តិ និងប្រភពដើមនៃសម្បត្តិវប្បធម៌ ដើម្បីលួចនាំចេញដោយខុសច្បាប់ឆ្លងកាត់ព្រំដែន។ ការប្រឆាំងទប់ស្កាត់ អាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែប្រទេសទាំងអស់ចាត់វិធានការរួមគ្នា ទាំងក្នុងកម្រិតជាតិ និង អន្តរជាតិ។
សម្តេចធិបតី បានឲ្យដឹងថា កិច្ចសហការរវាង ប្រទេស និង ប្រទេស ក៏ដូចជាក្នុងក្របខណ្ឌនៃអង្គការអន្តរជាតិនានា ដែលនាំមុខដោយអង្គការយូណេស្កូ ជាមួយសហគមន៍នានា ឬ ឯកជនក្តី លើកិច្ចគាំពារថែរក្សាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ជាគំរូ ដ៏មានតម្លៃ និង មានសារៈសំខាន់បំផុត ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកំពុងតែកើតមាននូវការផ្លាស់ប្តូរ ជាវិជ្ជមាននៃសាធារណមតិ ក៏ដូចជានិន្នាការនៃសីលធម៌ និង គុណធម៌សកលលោក ដែលយល់ឃើញ កាន់តែច្រើនឡើងៗថា មរតកបេតិកភណ្ឌនៃប្រទេសមួយ គួរតែបានវិលត្រឡប់ទៅកាន់ប្រទេសដែលជា មាតុភូមិកំណើតនោះវិញ៕