រកឃើញចម្លាក់បដិមាទ្វារបាល (យក្ស) ចំនួន ១ នៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី
(ភ្នំពេញ)៖ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ដែលធ្វើពីថ្មភក់ ត្រូវបានប្រទះ ឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី។
បើយោងតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០២៤នេះថា ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដីនោះប្រទះឃើញចម្លាក់បដិមាទ្វារបាល(យក្ស)មួយគួរឱ្យអស្ចារ្យ និងរកស្មានមិនដល់ផងដែរនូវវត្ថុដ៏មានតម្លៃមួយនេះ។
ទាក់ទិនក្នុងរឿងនេះអ្នកបុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨ទឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។
បើតាមលោក ជា សារិទ្ធ បញ្ជាក់ថា ស្ថានភាពនៃបដិមាទ្វារបាលនេះ ដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួននៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន មានកម្ពស់ប្រមាណ១,៦០ម៉ែត្រ៕








ដោយ៖ម៉ាដេប៉ូ